Register Already an agent ? Login

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់ជាង ៤៧៨លានដុល្លារ កើន ៦៩,៧% ១១ខែឆ្នាំ២០២២

ភ្នំពេញ៖ ​ទំហំពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ៤៧៨.៤០៤លាន​ដុ​ល្លារ កើន ៦៩,៧% បើ​ធៀបនឹង​ឆ្នាំ​២០២១ ដែលមានទឹកប្រាក់ ២៨១,៩៤៣លាន​ដុល្លារ​។ បើតាយោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មានទឹកប្រាក់ ៣៤៦,០៣៤​លាន​ដុល្លារ កើន ៩៧,៦​% និង​ទំនិញ​នាំ​ពី​អូស្ត្រាលី មានទឹកប្រាក់ ១៣២.៣៧លាន​ដុល្លារ កើនឡើង ២៣,៩%។

​ទំហំពាណិជ្ជកម្ម នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ មាន​ទឹកប្រាក់​សរុប ៣៩.៤២១​លាន​ដុល្លារ ធ្លាក់ចុះ ៧,១៣​% ​ធៀប​ខែវិច្ឆិកា ឆ្នាំ​២០២១ ដែលមាន​ចំនួន ៤២.៤៤៨​លាន​ដុល្លារ​។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការនាំចេញ​របស់​កម្ពុ​ជាមានទឹកប្រាក់ ៣៣.៩២៩​លាន​ដុល្លារ កើនឡើង​ ៣៩,៧៨% និង​ការនាំ​ទំនិញ​ពី​អូស្ត្រាលី មានទឹកប្រាក់ ៥.៤៩១​លាន​ដុល្លារ ​ធ្លាក់ចុះ ៦៩,៧៩%​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​-អូស្រ្តាលី មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​ច្រើន ជាពិសេស​ផ្នែក​កសិកម្ម​ដោយ​ទំនាក់ទំនង​នេះ​គឺ​មិនមែន​មានតែ​លើ​ការនាំចេញ​-​នាំចូល​កសិផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កន្លងមក​រដ្ឋា​ភិ​បាល​អូស្ត្រាលី ក៏បានផ្តល់​ជំនួយ​ថវិកា និង​បច្ចេកទេស​សម្រាប់​លើកកម្ពស់​ផលិតភាព​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។

ក្រៅពី​ការនាំចេញ​-​នាំ​ចូល​ទំនិញ​ជាមួយគ្នា បច្ចុប្បន្ន​ក៏មាន​វិ​និ​យោគិន​អូស្ត្រាលី​កំពុង​បណ្ដាក់ទុន​នៅ​កម្ពុជា​ដែរ ពិសេស​វិស័យ​ធនធាន​រ៉ែ​។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង។

លោក លឹម ហេង បានបន្តឱ្យដឹងថា ផលិតផល​កម្ពុជា​ដែល​នាំទៅ​ប្រទេស​អូស្ត្រាលី មាន​ភាគច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម​, ចំណែក​ទំនិញ​អូស្ត្រាលី​នាំមក​កម្ពុជា រួមមាន៖ ផលិតផល​អេឡិចត្រូនិក យានយន្ត និង​ផលិតផល​អាហារ​ (​សាច់គោ​, ទឹកដោះ​គោ និង​ផ្លែឈើ​)​។

គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ៣២៤​លាន​ដុល្លារ កើនឡើង ៥២% ​បើ​ធៀប​នឹង​ឆ្នាំ​២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)