Register Already an agent ? Login

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ បង្កើតក្រុងពីរខេត្តកណ្ដាល ក្រុងមួយខេត្តកំពង់ស្ពឺ និងស្រុកថ្មីនៅខេត្តក្រចេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងចំនួន២ នៅខេត្តកណ្ដាល ក្រុងចំនួន១ និងស្រុកចំនួន១ នៅខេត្តកំពង់ស្ពឺ និងស្រុកចំនួន១ នៅខេត្តក្រចេះ។ បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

បើតាមអនុក្រឹត្យទាំង៤ ដែលសម្រេចបង្កើតក្រុងចំនួន៣ និងស្រុកចំនួន២ ថ្មីបន្ថែមទៀត រួមមាន៖

សេចក្ដីសម្រេច *មាត្រា១ បង្កើត ក្រុងសំពៅពូន នៃខេត្តកណ្ដាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ពឺ ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។

*មាត្រា២ ក្រុងសំពៅពូន មានសង្កាត់ទាំង៥ រួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាលស្ថិតនៅ សង្កាត់សំពៅពូន។

សេចក្ដីសម្រេច មាត្រា១ បង្កើត ក្រុងអរិយក្សត្រ ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្ដាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

*មាត្រា២ ក្រុងអរិយក្សត្រ ឃុំទាំងចំនួន១១ ខាងលើមកជា សង្កាត់ចំណុះឱ្យ ក្រុងអរិយក្សត្រ សម្រាប់ទីតាំងរដ្ឋបាលស្ថិតនៅសង្កាត់អរិយក្សត្រ។

សេចក្ដីសម្រេច មាត្រា១ បំបែកស្រុកឧដុង្គ ជាពីរគឺ ក្រុងឧដុង្គម៉ែជ័យ និង ស្រុកសាមគ្គីមុនីមានជ័យ នៃខេត្តកំពង់ស្ពឺ។

*មាត្រា១ ដដែល ១-ក្រុងឧដុង្គម៉ែជ័យ ដោយកាត់យកឃុំចំនួន៥ ពីស្រុកឧដុង្គ រួមមាន ឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត, ២-ស្រុកសាមគ្គីមុនីមានជ័យ ដោយកាត់យកឃុំចំនួន១០ ពីស្រុកឧដុង្គផងដែរ រួមមាន ឃុំចាន់សែន ឃុំជើងពស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំក្រសាំង ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។

 *មាត្រា២ ក្រុងឧដុង្គម៉ែជ័យ ដោយមានឃុំទាំង៥ មកជាសង្កាត់ចំណុះឱ្យក្រុងឧដុង្គម៉ែជ័យ សម្រាប់ទីតាំងរដ្ឋបាល ស្ថិតនៅសង្កាត់វាលពង់។

*មាត្រា៣ ស្រុកសាមគ្គីមុនីមានជ័យ ដោយមានឃុំទាំង១០ មកជាសង្កាត់ចំណុះឱ្យស្រុកសាមគ្គីមុនីមានជ័យ សម្រាប់ទីតាំងរដ្ឋបាល ស្ថិតនៅសង្កកាត់ជើងពស់។

សេចក្ដីសម្រេច *មាត្រា១ បង្កើត ស្រុកអូរគ្រៀងសែនជ័យ ដោយកាត់យកឃុំចំនួន៥ ពីស្រុកសំបូរ គឺឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។

*មាត្រា ស្រុកអូរគ្រៀងសែនជ័យ ដោយមានឃុំទាំង៥ មកជាសង្កាត់ចំណុះឱ្យ ស្រុកអូរគ្រៀងសែនជ័យ សម្រាប់ទីតាំងរដ្ឋបាល ស្ថិតនៅសង្កាត់អូរគ្រៀង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)