Register Already an agent ? Login

ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន

ភ្នំពេញ៖ បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ នាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោន។

លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជា​សញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា។

ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត ហើយពួកគាត់នឹងលែងភ័យព្រួយបារម្ភពីការពិបាករកទីផ្សារសម្រាប់លក់នារដូវប្រមូលផលទៀតហើយ។ អ្វីដែលប្រជាកសិករត្រូវយកចិត្តទុកដាក់​នៅ​ពេល​នេះ គឺត្រូវប្រើប្រាស់បច្ចេកទេសឱ្យបានត្រឹមត្រូវ តាមត្រូវស្តង់ដារទីផ្សារ អនាម័យ និងភូតគាមអនាម័យ និងការវេចខ្ចប់ប្រកប​ដោយគុណភាព សោភ័ណភាព។

សូមជម្រាបជូនថា ចម្ការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន​ មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចម្ការ បាត់ដំបងចំនួន ២៨ចម្ការ និងបន្ទាយមានជ័យចំនួន ៦ចម្ការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២​​។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)