Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុន៤ ក្នុងវិស័យកាត់ដេរ ទុនសរុបជាង ២០លានដុល្លារ ផ្ដល់ការងារជាង ៦ពាន់កន្លែង

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន៤ ដែលមានទុនសរុប ២១.៩លានដុល្លារ ផ្ដល់ការងារជាង ៦ពាន់កន្លែង ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។

បើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ ដូចខាងក្រោម៖

១-ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,៣៥៨កន្លែង។

២-ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១១៧កន្លែង។

៣-ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។

៤-ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)