Register Already an agent ? Login

មីរ៉ាតអារ៉ាប់រួម ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧%

ភ្នំពេញ៖ អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ បើតាមការបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្តីពី៖ ការចាប់ផ្តើមដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារ ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ។

ក្រសួងពាណិជ្ជកម្មបានបន្តថា ក្នុងន័យនេះ កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារឲ្យទូលំទូលាយ ការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្មលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia – United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំប្រកាសបើកការចរចាជុំទី២នេះ មានការអញ្ជើញចូលរួមពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប។

ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរនឹងបន្តពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

បើតាមកិច្ចចរចារនេះ វិស័យ និងអនុវិស័យសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សា រួមមាន៖ ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា Cambodia-UAE CEPA មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀតដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

ក្នុងន័យនេះ លោក រដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរបន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ។

ដោយ៖ មឿន ឌីណា (Moeun Dyna)