Register Already an agent ? Login

ប្រទេស ចិន អាមេរិក វៀតណាម ចំណាត់ថ្នាក់លើគេក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ១១ខែ ឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសដៃគូក្នុងពិភពលោកនារយៈពេល ១១ខែ ឆ្នាំ២០២២ មានប្រមាណ ៤៨.២ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញមានទឹកប្រាក់ជាង ២០.៤ពាន់លានដុល្លារ និងការនាំចូលវិញប្រមាណ ២៧.៧ពាន់លានដុល្លារ។

ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តឱ្យដឹងទៀតថា ១១ខែ ឆ្នាំ២០២២នេះ ប្រទេសដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា​ ដែលស្ថិតក្នុងតារាងចំណាត់ថ្នាក់ខ្ពស់ជាគេមាន៖ លេខ១ ចិន, លេខ២ អាមេរិក, លេខ៣ វៀតណាម, លេខ៤ ថៃ, លេខ៥ សិង្ហបុរី, លេខ៦ ជប៉ុន, លេខ៧ ស្វ៊ីស, លេខ៨ អាល្លឺម៉ង់, លេខ៩ តៃវ៉ាន់ និងលេខ១០ កាណាដា។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្ថែមឱ្យដឹងទៀតថា តាមតួលេខចំណាត់ថ្នាក់នេះទំហំពាណិជ្ជ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ១០,៥៨ពាន់លានដុល្លារ កើនក្នុងអត្រា៦,៣% ក្នុងនោះ ការចេញរបស់កម្ពុជាមានត្រឹម ១,១ពាន់ដុល្លារ ដែលធ្លាក់ចុះជាង១៩% ហើយការនាំចូលវិញ មានដល់ជិត ៩,៤៧ពាន់ដុល្លារ កើន ១០,៤%។

កម្ពុជា-អាមេរិក ទំហំពាណិជ្ជកម្មចំនួន ៨,៥ពាន់លានដុល្លារ មានកំណើន ២១,៨% សម្រាប់ការនាំចេញរបស់កម្ពុជា មានជាង ៨,២ពាន់ដុល្លារ កើន២៣% ខណៈនាំចូលវិញ គឺមានត្រឹមជាង ២៩២លានដុល្លារ  ធ្លាក់ចុះ៤,៨%។ កម្ពុជា-វៀតណាម ទំហំពាណិជ្ជកម្មមានក្នុងតម្លៃជាង ៥,៥ពាន់លានដុល្លារ មានកំណើន១៩,៥% ក្នុងនោះ ការនាំចេញរបស់កម្ពុជាជិត ១,៩ពាន់លានដុល្លារ កើន ៤,៨% ការនាំចូលវិញមានដល់ជាង ៣,៦ពាន់ដុល្លារ មានកំណើន ២៩%។

កម្ពុជា-ថៃ ទំហំពាណិជ្ជកម្មមានតម្លៃជិត ៤,៣ពាន់លានដុល្លារ​ កើន១៨,៣% ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៧៥៦លានដុល្លារ​ កើន៣៥,៤% ការនាំចូលវិញជាង ៣,៥៤ពាន់ដុល្លារ មានកំណើន ១៥,២%។ កម្ពុជា-សិង្ហបុរី ទំហំពាណិជ្ជកម្មមានតម្លៃជាង ៣,២៥ពាន់ដុល្លារ​ ធ្លាក់ចុះ២៨,៨% ការចេញរបស់កម្ពុជា មានត្រឹមជាង ៨៦លានដុល្លារ ធ្លាក់ចុះ២៥,៣% និងនាំចូលវិញមានជិត ៣,១៧ពាន់ដុល្លារ ប៉ុន្តែក៏ធ្លាក់ចុះក្នុងអត្រា ២៨,៩%។

កម្ពុជា-ជប៉ុន ទំហំពាណិជ្ជកម្មមានតម្លៃជិត១,៧៩ពាន់លានដុល្លារ កើន ១៣% ការនាំចេញរបស់កម្ពុជា មានតម្លៃជិត​១,០៧ពាន់លានដុល្លារ​ កើន៦,៨% និងនាំចូលវិញមាន ៧២០លានដុល្លារ ប្រមាណ ២៤%។ កម្ពុជា-ស្វ៊ីស ទំហំពាណិជ្ជកម្មមានតម្លៃប្រមាណ ១,៤៤ពាន់លានដុល្លារ កើនរហូតដល់ ៧៩% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានត្រឹម ៨,៥លានដុល្លារ ធ្លាក់ចុះ ​៧,១% ប៉ុន្តែការនាំចូលវិញ កើនដល់ ៨០,៥%។

កម្ពុជា-អាល្លឺម៉ង់ មានទំហំពាណិជ្ជកម្មជាង ១,១៥ពាន់លានដុល្លារ​ ដែលមានកំណើនក្នុងរង្វង់ ២៣% ការនាំចេញរបស់កម្ពុជា មាន​តម្លៃប្រមាណ ១ពាន់លានដុល្លារ កើន ២៦,៧% និងនាំចូលមាន ១៥៣លានដុល្លារ កើន៥,១%។ កម្ពុជា-តៃវ៉ាន់ ទំហំពាណិជ្ជកម្មមានតម្លៃ ១,០៦ពាន់លានដុល្លារ​ មានកំណើន ១០% ក្នុងនោះ ការនាំចេញរបស់កម្ពុជា​មានជាង១០០លានដុល្លារ កើន១៩,៦% និងនាំចូលមានតម្លៃជិត ៩៦៦លានដុល្លារ កើន ​៩,១%។

កម្ពុជា-កាណាដា ទំហំពាណិជ្ជកម្មមានតម្លៃ ១,០៥ពាន់លានដុល្លារ​ ជាមួយកំណើន ១៩% ​ការនាំចេញរបស់កម្ពុជាមាន១,០២ពាន់ដុល្លារ កើន ២០,៦% ការនាំចូលវិញ​ គឺធ្លាក់ក្នុងអត្រា​ ១៧,៣%​ ដែលមានតម្លៃទឹកប្រាក់ ៣១លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)