Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ សម្រេចបានទឹកប្រាក់ជាង ៧១១លានដុល្លារ កើន១% ១១ខែឆ្នាំ២០២២

ភ្នំពេញ៖ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ គិតពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ២០២២ សម្រេចបាន ៧១១.០៤​លាន​ដុល្លារ កើន ១% ​បើ​ធៀបនឹង​ឆ្នាំ​២០២១ មានចំនួន ៧០៣.៩៤​លាន​ដុល្លារ​។ បើតាម​ស្ថិតិ​បញ្ជីពាណិជ្ជកម្ម​ទំនិញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុងនោះ​ការនាំ​ពី​កម្ពុជា​ ទៅ​កូរ៉េ មានទឹក​ប្រាក់ ២០៧.១៨​លាន​ដុល្លារ កើន ២០,៣​% និងពី​កូរ៉េមក​កម្ពុជា មាន​ចំនួន ៥០៣.៩២​លាន​ដុល្លារ ធ្លាក់ចុះ ៥,២%​។

​សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ប្រទេស​ទាំងពីរ មានចំនួន ៥២,១៤​លាន​ដុ​​ល្លារ ធ្លាក់ចុះ ២០,៧២​% ​ធៀប​ខែវិច្ឆិកា ឆ្នាំ​២០២១​។ បើតាមស្ថិតដដែល បានបន្តទៀតថា ក្នុងនោះ​កម្ពុជា​នាំទៅ​កូរ៉េ មានតម្លៃ ១៦,៥៩​លាន​ដុល្លារ កើនឡើង ៦,៩៤% និង​នាំចូល​ពី​កូរ៉េ មានតម្លៃ ៣៥,៥៦​លាន​ដុល្លារ ថយចុះ ២៩,២៦%​។

​បើតាមភ្នំពេញប៉ុស្តិ៍បានស្រង់សម្ដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ដោយសារតែ​កូរ៉េ​ជា​ប្រទេស​រីកចម្រើន និង​មាន​តម្រូវការ​ផលិតផល​ក​សិ​កម្ម​មាន​គុណភាព​ខ្ពស់ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​រៀបចំ​ការដាំដុះ និង​កែច្នៃ​ផលិត​​ផល​របស់ខ្លួន​ឱ្យស្រប​តាម​ការ​​ចង់បាន​របស់​កូរ៉េ​។ កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ដែល​បានធ្វើ​ជាមួយគ្នា​នឹង​ជួយ​ឱ្យ​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​មាន​វត្ត​មាននៅ​ទីផ្សារ​កូរ៉េ​។​

មូល​ហេតុដែល​ទឹកប្រាក់​នាំចូល​ពី​កូរ៉េ​មាន​ច្រើនជាង​ការនាំ​ចេញពី​កម្ពុជា គឺ​ដោយសារ​កម្ពុជា​នាំចូល​ផលិត​ផល​ជាច្រើន​ពី​ប្រទេស​កូរ៉េ ដើម្បី​មក​បម្រើឱ្យ​ការនាំចេញ​។​ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តថា ​កូរ៉េ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ស្តង់ដារ​ចំណី​អា​​ហារ​ខ្ពស់ ដូច្នេះ​កម្ពុជា​ត្រូវខិតខំ​ផលិត​ទំនិញ​របស់ខ្លួន​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ទីនោះ​ កសិផល​កម្ពុជា នឹងមាន​ទីផ្សារ​កាន់តែ​ធំ​នៅ​ប្រទេស​កូរ៉េ។

​លោក លឹម ហេង​ បានឱ្យដឹងថា ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េ មានដូចជា៖ សម្លៀក​​បំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​កម្ពុជា​នាំចូលពីកូរ៉េ មានដូចជា៖ យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះ​បាយ និង​ថ្នាំពេទ្យ ជាដើម​។

គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៤,០៤​លាន​ដុល្លារ កើន​ ៥,៤% ​បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ ក្នុងនោះ​កម្ពុជា​នាំចេញ ១៩៤.០៨​លាន​ដុល្លារ កើន ៤,៧​% និង​កូរ៉េ នាំ​ចូល ៥៧៩.៩៦លាន​ដុល្លារ កើន ៥,៦%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)