Register Already an agent ? Login

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់មូលនិធិបន្ថែម ៧៣លានដុល្លារ ដល់កម្ពុជាលើគោលនយោបាយ និងអភិវឌ្ឍវិស័យថាមពល

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបាន​មូលនិធិ​ចំនួន ៧៣​​លាន​ដុល្លារ ​បន្ថែមទៀត​ពី​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ (ADB) កម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ជួយជំរុញវិស័យថាមពល។

កម្មវិធី​អភិ​វឌ្ឍន៍​តាម​វិស័យ​សម្រាប់​អន្តរ​កម្ម​ថាមពល​នេះ រួមមាន​កញ្ចប់​កំណែទម្រង់​គោលនយោបាយ​ដ៏​ទូលំទូលាយ​ដំបូង​របស់ ADB សម្រាប់​វិស័យ​ថាមពល​នៅ​កម្ពុជា​ដែល​នឹងត្រូវ​ផ្តល់​ហិរញ្ញ​​ប្ប​ទាន​ដោយ​ប្រាក់កម្ចី​ចំនួន ៤០​ លាន​ដុល្លារ​ពី​ធនធាន​ស​ម្ប​ទាន​របស់ ADB និង​ប្រាក់កម្ចី​ចំនួន ១០ ​លាន​ដុល្លារ​ពី​មូល​​និ​ធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។ បើតាមការបញ្ជាក់ពី ADB។

សម្រាប់​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ ២៣​លាន​ដុល្លារ​ នោះ​កម្មវិធី​បង្កើន​ថាមពល​កកើត​ឡើងវិញ​សម្រាប់​កម្ពុជា​របស់​មូល​និ​ធិ​វិនិយោគ​អាកាស​​ធាតុ​នឹង​ផ្តល់ប្រាក់​កម្ចី​ចំនួន ៦​លាន​ដុ​ល្លារ និង​ជំនួយ ៥លាន​ដុល្លារ ​ដែលជា​ហិរញ្ញប្បទាន​អាកាសធាតុ ហើយ​មូល​និ​ធិ​អាកាសធាតុ​បៃតង​នឹង​បន្ថែម​ប្រាក់កម្ចី​ចំនួន ១២​លាន​ដុល្លារ​ តាមរយៈ​កម្ម​វិធី​ការស្ដារឡើងវិញ​បៃតង​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។ ថវិកា​ទាំង​​អស់​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB​។​

កម្មវិធី​នេះ ​គាំទ្រ​របៀបវារៈ​នៃ​អន្តរ​កម្ម​ថាមពល​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្កើន​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​និង​ផ្លាស់ប្តូរ​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ វា​បង្កើត​ការធ្វើផែនការ និង​បទ​ប្ប​ញ្ញ​តិ្ត​ដោយ​ប្រើ​ទិន្នន័យ​សម្រាប់​ប្រព័ន្ធ​ថា​ម​​ពល​ដើម្បី​បង្កើន​ភាពបត់បែន និង​ភាព​​ធន់ និង​ពង្រឹង​ការវិនិយោគ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ថ្មី​សម្រាប់​ការធ្វើផែនការ​យុទ្ធ​សាស្ត្រ ព្រមទាំង​បង្ហាញ​ពី​បច្ចេកវិទ្យា​និង​គំរូ​អាជីវកម្ម​ថ្មីៗ

លោក Pradeep Tharakan ប្រធាន​ផ្នែក​ប្រតិបត្តិការ​ថាមពល​ជាមួយ​វិស័យ​សាធារណៈ​សម្រាប់​មហា​អនុតំបន់​មេ​គ​ង្គ​របស់ ADB បានថ្លែងថា កម្មវិធីនេះ រួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។

វាត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន ជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ បើតាមការថ្លែងបន្តរបស់ លោក Pradeep បានបន្ថែមថា វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលការអភិវឌ្ឍថាមពល និងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ។

គួរបញ្ជាក់ថា ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភពកកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និងកែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។

សូមរម្លឹកថា ADB បានប្រកាស​ពី​គម្រោង​នេះ​នៅក្នុង​សេចក្តី​​ប្រកាស​ព័ត៌មាន ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២២ ​បាន​កត់សម្គាល់ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ «​អាណត្តិ​ផ្តល់​​ប្រឹក្សា​ប្រតិបត្តិការ​» ជាមួយ​អគ្គិសនី​កម្ពុជា ដើម្បី​​គាំទ្រ​ការអភិវឌ្ឍ​នៃ​សមត្ថភាព​ថាមពល​ពន្លឺព្រះអាទិត្យ​បន្ថែម ២​ជី​ហ្គា​វ៉ា​ត់​ នៅ​កម្ពុជា និង​នៅ​ថ្ងៃ​​ទី​១១ ខែវិច្ឆិកា ADB ​សហការ​ជាមួយ​ EDC បាន​ភ្ជាប់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យកម្លាំង ៦០មេ​ហ្គា​វ៉ា​ត់ ទៅ​កាន់​បណ្តាញ​ជាតិ​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ផ្នែក​ថាមពល​ពន្លឺព្រះអាទិត្យ ១០០មេ​ហ្គា​វ៉ា​ត់​។​

ជាមួយ​មូលនិធិ​ថ្មី ៧៣លាន​ដុល្លារ ការវិនិយោគ​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​កម្រិត​ទី​រួម​ខេត្តកំពត និង​ខេត្ត​កែប​ដែល​នឹង​នាំ​ដល់​ការ​សន្សំសំចៃ​និង​អត្ថប្រយោជន៍​សម្រាប់​វិស័យ​ទេសចរ​​ណ៍ និង​សុវត្ថិភាព​សាធារណៈ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)