Register Already an agent ? Login

ការនាំចេញស្រូវទៅវៀតណាម ក្រៅផ្លូវការតាមច្រកព្រំដែនខេត្តព្រៃវែង បរិមាណជាង ១លានតោន

ភ្នំពេញ៖ ការនាំចេញស្រូវទៅលក់ប្រទេសវៀតណាម ក្រៅផ្លូវការតាមច្រកព្រំដែននានា ក្នុងខេត្តព្រៃវែង មានបរិមាណចំនួន ១,៤៨៧,១៩៣តោន រយៈពេលជិត១២ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ បើតាមការឱ្យដឹងពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

លោក អ៊ុក សំណាង បានលើកឡើងថា ដោយសារមានល្បាយទឹកភ្លៀងគ្របដណ្ដប់នៅទូទាំងខេត្តព្រៃវែង បានធ្វើឱ្យល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សាបានបញ្ចប់ ត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ ការព្រោះស្រូវសរុបបាន ២៧៦,៨១៩ហិកតា គិតជាភាគរយ ១១០.៧៣%។

ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ការប្រមូលផលសរុប ២៥៦.២៦៣ហិកតា ស្មើ៩២.៣៧%។ បើតាមការបន្តរបស់ លោក អ៊ុក សំណាង បានឱ្យដឹងទៀតថា ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំងបានចំនួន ៧១.៣២៣ហិតា ៩៥.១០%។

ដោយឡែក ដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ៣៣៣ហិកតា បន្លែគ្រប់មុខ ៣៣៣ហិកតា, ដំណាំឧស្សាហកម្ម អនុវត្តន៍សរុប ៣,៨២១ហិកតា ពោតក្រហម ១៣ហិកតា សណ្ដែកបាយ ៥០ហិកតា សណ្ដែកដី ២៤ហិកតា ល្ង ៥៧ហិកតា អំពៅ ៤០៧ហិកតា ឈូក ៣ ០២០ហិកតា ដំឡូង ២៥០ហិកតា។ បើតាមការបន្ថែមរបស់ លោក អ៊ុក សំណាង។

បើតាមប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ដដែល បានបន្ថែមទៀតថា ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី ប្រមូលផលសរុប ១,៤៨៥តោន បន្លែគ្រប់មុខ ១,៤៨៥តោន។ ដំណាំឧស្សាហកម្មប្រមូលផលសរុប​​ ៤, ៥៧២តោន, ឈូក ៤,៥៧២តោន។

គូសបញ្ជាក់ថា ខេត្តព្រៃវែង ឆ្នាំ២០២២ តាមការវាយតម្លៃបឋមបានបង្ហាញថា បរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦,៨១៦តោន ហើយតម្លៃមធ្យម ២៥០ដុល្លា ក្នុង១តោន។ បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិកាប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លា ទើបអាចប្រមូលទិញស្រូវអស់។ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)