Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ មានទឹកប្រាក់ជិត ៥០០លានដុល្លារ កើន២០% ១១ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល១១ខែ ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ហូឡង់ មានទំហំទឹកប្រាក់ប្រមាណ ៤៩៩.៤១លានដុល្លារ កើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០២១ មានទឹកប្រាក់ ៤១៥.៩៣លានដុល្លារ។ បើតាមការថ្លែងរបស់ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ការថ្លែងខាងលើរបស់ លោកស្រី ចម និម្មល ដែលជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងជាសក្ខីកម្មក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃក្រសួងការបរទេសហូឡង់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្រោយការចុះហត្ថលេខាលើ MoU នេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។ បើតាមការបញ្ជាក់របស់ លោកស្រី ចម និម្មល។

លោកស្រី ចម និម្មល បានថ្លែងបន្តថា MoU នេះ មានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។ លោកស្រី បន្តថា បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅថ្មីនេះៗ វិទ្យាស្ថានមានតួនាទីកាន់តែច្រើនក្នុងការជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយនានាទាក់ទងនឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន និស្សិត និងវិស័យឯកជន ឱ្យបានទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។

លោកស្រី បានថ្លែងបន្ថែមថា MoU នេះនឹងមានកិច្ចសហការលើគម្រោង ដូចជា៖

*១.គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣-២០២៨

*២.គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម

*៣.​គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ

*៤.គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី

*៥.គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។

មជ្ឈមណ្ឌលនេះ ក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)