Register Already an agent ? Login

ឆ្នេរចំនួន១១ ក្នុងចំណោម ២៧ឆ្នេរ របស់កម្ពុជាជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

ព្រះសីហនុ៖ ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ បានវាយតម្លៃនិងផ្ដល់ជ័យលាភីដល់ឆ្នេរខ្សាច់កម្សាន្តចំនួន ១១ឆ្នេរ ក្នុងនោះមានកម្រិតល្អណាស់ ៦ឆ្នេរ និងកម្រិតមធ្យម ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧ នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន ៦ឆ្នេរ ខេត្តកោះកុងចំនួន ៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន ១៦ឆ្នេរ។

នៅក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក មុំ បូវីល បានបញ្ជាក់ទៀតថា សម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការ និងមានចំណាត់ការកែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញនាពេល៣ខែបន្ទាប់។

លោក បានថ្លែងបន្តទៀតថា ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតល្អណាស់» មានចំនួន៦ឆ្នេរ រួមមាន៖ *ខេត្តកែបមាន២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ។ *ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។

ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន៥ឆ្នេរ រួមមាន៖ *ខេត្តកោះកុងមាន១ឆ្នេរ៖ ឆ្នេរកោងកាង។ *ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។

លោក មុំ បូវីល បានថ្លែងបន្តទៀតថា ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់ រួមមាន៖

*ខេត្តកោះកុង មានឆ្នេរនេសាទ ឆ្នេរអាវស៊ីវវង់ ឆ្នេរពយស្ងាយ និងឆ្នេរប៉ាក់ខ្លង។ *ខេត្តកែប មានឆ្នេរអង្កោល ឆ្នេរដើមបើស ឆ្នេរកំពង់សារាយ និងឆ្នេរកោងកាង។ *ខេត្តព្រះសីហនុ មានឆ្នេរជំទាវម៉ៅ ឆ្នេរព្រែកត្រែង ឆ្នេរដូង ឆ្នេររ៉ុងសន្លឹម ឆ្នេរកោះតូច ឆ្នេរលំហែ ឆ្នេរ២៣ និងឆ្នេរខ្សាច់ស។

សូមជម្រាបជូនផងដែរថា វេលាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ប្រតិភូអន្តរជាតិប្រមាណ ១៣០នាក់ មកពី២១ប្រទេសជុំវិញពិភពលោក នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មានចំនួនសរុបប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន ២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៊ី ហ្វាំងឡង់ និងប៉ាពូអាស៊ីនូវែលហ្គីណេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)