Register Already an agent ? Login

តោះមកដឹងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុមានកម្មវិធីអ្វីខ្លះ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២

ព្រះសីហនុ៖ ពិធីបុណ្យសមុទ្រលើកទី៩នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នាព្រឹត្តិការណ៍ទាំងពីរនេះដែរមានកម្មវិធីសំខាន់ៗរួមមាន៖

*នៅថ្ងៃទី៨ ខែធ្នូ មានកម្មវិធី៖ សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ, ពិធីក្រុងពាលីសម្រាប់ពិធីបុណ្យសមុទ្រ នៅទីលានតេជោ។

*នៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធី៖ កីឡារត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៊ីអាគ្នេយ៍) នៅឆ្នេរអូរត្រេះ, គណៈប្រតិភូក្លិបឆ្នេរធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឯករាជ្យ ពិធីលៀងសាយភោជនជូនគណៈប្រតិភូក្លិបឆ្នេរ នៅសណ្ឋាគារឯករាជ្យ។

*ថ្ងៃទី១០ ខែធ្នូ មានកម្មវិធី៖ ជិះកង់កម្សាន្ត២០គីឡូម៉ែត្រ និងប្រណាំងកង់ ៤០គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កម្មវិធីធំគឺ «ពិធីបើកជាផ្លូវការមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកលើកទី១៦ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ, មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា។

ជាមួយគ្នា មានកីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ, កម្មវិធីធំ «ពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, កម្មវិធីសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី,ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៊ីអាគ្នេយ៍)។

*ថ្ងៃទី១១ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូក្លិបចូលរួមកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅឃុំតានៃ ស្រុកព្រៃនប់, កីឡាទូកក្តោង និងកីឡាបាល់បោះ នៅឆ្នេរអូត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលានតេជោ, កម្មវិធីសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ្រ នៅសណ្ឋាគារឯករាជ្យ, កម្មវិធីប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៊ីអាគ្នេយ៍) នៅឆ្នេរអូត្រេះ, កម្មវិធីសម្ដែងសិល្បៈវប្បធម៌ជាតិនិងអន្តរជាតិ នៅទីលានតេជោ (ឆាកធំ)។

*ថ្ងៃទី១២ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូមហាសន្និបាតចេញដំណើរពីខេត្តព្រះសីហនុទៅទស្សនាព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង, គណៈប្រតិភូចេញដំណើរពីព្រៃកោងកាងពាមក្រសោប ទៅទស្សនាកោះឋានសួគ៌ ខេត្តព្រះសីហនុ, កម្មវិធីសិក្ខាសាលាបច្ចេកទេសស្តីពីការលើកកម្ពស់ការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះសមុទ្រ នៅកោះឋានសួគ៌, ការចេញដំណើរពីកោះឋានសួគ៌មកក្រុងព្រះសីហនុ។

*ថ្ងៃទី១៣ ខែធ្នូ មានកម្មវិធី៖ ការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិក្លឹបសម្រាប់អាណត្តិឆ្នាំ២០២៣-២០២៥ និងពិធីផ្ទេរតំណែងជូនប្រធានក្លិបអាណត្តិថ្មី, កម្មវិធីបិទមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងពិធីលៀងសាយភោជនបិទមហាសន្និបាតក្លឹបឆ្នេរ នៅសណ្ឋាគារឯករាជ្យ៕

គិតមកដល់​ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅទេសចរណ៍នៅឡើយទេ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០បន្ទប់ឯណោះ។

«បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ»។ បើតាមការបញ្ជាក់របស់ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍។

លោក គឹម សេរីរដ្ឋ បានបន្តថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។

លោក បានបន្ថែមថា សម្រាប់ចំនួនភ្ញៀវទេសចរ ដែលគ្រោងមកកម្សាន្ត នៅក្នុងឱកាសបុណ្យសមុទ្រ គិតមកដល់ពេលនេះ គឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បាំងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗផងដែរ។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានប្រមាណ៨០ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ៩០០០បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។ លោក បានបន្តថា នៅជាប់ផ្លូវធំៗគឺស្ទើរតែពេញអស់ដែរ ដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន។

លោកប្រធានមន្ទីរបានបន្តថា ក្នុងឱកាសបុណ្យសមុទ្រនេះដែរក៏មានភ្ញៀវជាតិកក់បន្ទប់ស្នាក់នៅច្រើនណាស់ដែរ ខណៈភ្ញៀវបរទេសក៏មានច្រើនដូចគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)