Register Already an agent ? Login

សម្តេចតេជោ នឹងអញ្ជើញសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការផ្លូវ២ខ្សែនៅខេត្តព្រះសីហនុប្រវែងជាង ៤៣គ.ម ថ្ងៃទី២២ធ្នូនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវខេត្តលេខ១៤៨ ប្រវែងសរុបប្រមាណ ៤៣.០២គីឡូម៉ែត្រ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២។ បើតាមកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវទាំងពីរ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំកិច្ចប្រជុំនេះ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ធ្វើការបែងចែកតួនាទីនិងភារកិច្ចជូនដល់សមាជិកសមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែកចែកការងារ ដែលមានចែងនៅក្នុងលិខិតបង្គាប់ការ។

រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានធ្វើការផ្ដាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។

សូមរម្លឹកថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិ លេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០) ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូ ម៉ែត្រ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វ លើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន។ កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងសម្រាប់ដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា នៅស្រុកស្ទឹងហាវ និង តំបន់ទំនប់រលកចាស់ ទៅកាន់ទីផ្សារ។

កំណាត់ផ្លូវទាំងពីរខ្សែដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួលលឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ជាពិសេសការកកស្ទះរថយន្តធុនធ្ងន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)