Register Already an agent ? Login

កូរ៉េផ្តល់ឥណទានសម្បទាន ១៥០០លានដុល្លារ ដល់កម្ពុជា ជាមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០២២-២០២៦

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០២២-២០២៦ ដែលមានទឹកប្រាក់ ១៥០០លានដុល្លារ ដល់កម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែធ្នូនេះ សម្ដេចតេជោ នាយរដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីចុះហត្ថលេខាក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីនេះ ធ្វើឡើងនៅវិមានសន្តិភាព។

នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះមានចំនួនពីររួមមាន៖

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួនពីរគឺ៖

-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារ។

-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារ។

ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។ បើតាមការបញ្ជាក់ក្រសួងការបរទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)