Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា និងសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ១២ពាន់លានដុល្លារ កើន១០% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ១២ពាន់លានដុល្លារ បានកើន ១០% ៩ខែឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តថា កម្ពុជា បាននាំទំនិញទៅសមាជិកទាំង៩នេះ ក្នុងទឹកប្រាក់ជាង ២ពាន់លានដុល្លារ ខណៈនាំចូលវិញមានទឹកប្រាក់ជាង ១០ពាន់ដុល្លារ។

ប្រទេសជាសមាជិកអាស៊ានទាំង៩ វៀតណាម ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុត​​របស់​កម្ពុជា​ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី​រហូតជាង ៤ពាន់លានដុល្លារ កើន ២២% ធៀបនឹងឆ្នាំ២០២១។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ៩ខែ ឆ្នាំ២០២២ មានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ កើនឡើង ៣% ធៀបនឹងឆ្នាំ២០២១ ខណៈការនាំចូលពីវៀតណាម មានទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ មានកំណើន ៣៥%។ បើតាមការរបាយការណ៍ដដែល។

បើតាមរបាយការណ៍ដដែលនេះបានបន្តថា ប្រទេសថៃ ដៃគូពាណិជ្ជកម្មធំបំផុតទី២​របស់​កម្ពុជា មានទំហំពាណិជ្ជកម្ម ជាង ៣ពាន់លានដុល្លារ កើន ២៧% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំចេញទៅថៃ មានទឹកប្រាក់ជាង ៦០០លានដុល្លារ កើន ៣៨% រី​ឯការនាំចូលពីថៃវិញ មានទឹកប្រាក់ជិត ៣ពាន់ដុល្លារ កើន ២៥%។

លោក ច័ន្ទ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច​ បានកត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសផ្សេងៗ មានការកើនឡើងគួរឱ្យកត់សម្គាល់ ៩ខែ ឆ្នាំ២០២២។ លោក បន្តថា មានសញ្ញាអវិជ្ជមានមួយចំនួន ដោយសារឥទ្ធិពល​នៃការបញ្ជាទិញ​​មានការថមថយ នៅប្រទេសចិន អាមេរិក និងទ្វីបអឺរ៉ុប។

ឥទ្ធិពលនៃសង្គ្រាមរបស់រុស្ស៊ី និង អ៊ុយក្រែន បានជះឥទ្ធិពលអវិជ្ជមាន ពិសេសលើទំនិញកសិកម្ម មួយចំនួនដូចជា៖ស្វាយចន្ទី កៅស៊ូ និងម្រេច ជាដើម តម្លៃបានធ្លាក់ចុះ ហើយបញ្ហានេះក៏ជះផលអវិជ្ជមានខ្លះដែរ ដល់ទីផ្សារប្រទេសថៃ និងវៀតណាម។ បើតាមការគូសបញ្ជាក់របស់ លោក ច័ន្ទ សុផល។

គូសបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារ បានកើនឡើងជាង ១៨% បើធៀបនឹងឆ្នាំ២០២១៕ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)