Register Already an agent ? Login

ផ្សារទំនើបអ៊ីអនមានជ័យ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នឹងបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី នឹងបើកដំណើរការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។

ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត Edutainment Mall នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។

សូមរម្លឹកថា គម្រោងផ្សារទំនើប AEON៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ មានទំហំធំជាងផ្សារ Aeon ទី១ និងទី២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃក្រឡាសរុប ១៧៤,០០០ម៉ែត្រការ៉េ។ ផ្សារទំនើបនេះ បានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអ៊ីអនទី១ និងទី២ នៅកម្ពុជា។

គួរបញ្ជាក់ថា ផ្សារទំនើប AEON ទី១ ស្ថិតនៅខណ្ឌចំការមន បានបើកដំណើរការនៅឆ្នាំ២០១៤ ជាមួយនឹងទុនវិនិយោគ ២០៥លានដុល្លារ។ ផ្សារទំនើប AEON ទី២ ស្ថិតនៅខណ្ឌសែនសុខ បានបើកសម្ពោធនៅឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ ១២០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)