Register Already an agent ? Login

ជប៉ុន ផ្ដល់ជំនួយជិត ២០ម៉ឺនដុល្លារ សាងសង់ស្ពាន និងស្តារប្រព័ន្ធធារាសាស្រ្ត នៅខេត្តកំពង់ស្ពឺនិងកំពង់ចាម

ភ្នំពេញ៖ កម្ពុជា ទទួលជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុនដែលមានទឹកប្រាក់ប្រមាណ ១៨៦,៨៥៦ដុល្លារ សាងសង់ស្ពាននៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងការស្តារប្រព័ន្ធធារាសាស្ត្រទួលអណ្តែត នៅក្នុងខេត្តកំពង់ចាម។

លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបន្តថា យើងសង្ឃឹមថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។

លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងថា គម្រោងសាងសង់ស្ពានបេតុងថ្មីជំនួសស្ពានឈើដែលពុកផុយ មានទឹកប្រាក់ចំនួន ៩៩,២១២ដុល្លារ។ សម្រាប់ការសាងសង់ស្ពានបេតុងសរសៃដែក ស្ពានតាំងហោង ប្រវែង១៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ស្ថិតក្នុងភូមិតាំងហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងស្រុកចំនួន ៣៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាព។ បើតាមការបញ្ជាក់របស់ លោក តានិណៃ អ៊ីឈិតុម៉ុ។

លោក តានិណៃ អ៊ីឈិតុម៉ុ បានថ្លែងបន្តថា ដោយឡែក ថវិកាចំនួន ៨៧,៦៤៤ដុល្លារ នឹងយកទៅប្រើប្រាស់ សម្រាប់គម្រោងស្តារទំនប់ និងលូមូលចំនួន៣ ដែលរងការខូចខាត នៅក្នុងស្រុកព្រៃឈរ ខណៈបរិក្ខារធារាសាស្ត្រដែលរងការខូចខាតបច្ចុប្បន្ន មិនអាចស្ដុកទឹកភ្លៀងបានគ្រប់គ្រាន់ ក្នុងរដូវវស្សាសម្រាប់ធ្វើស្រែចម្ការ។ លោក គូសបញ្ជាក់ថា គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ៤,៥០០នាក់ ដែលនឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាព។

គួររម្លឹកថា ថ្មីៗនេះ ជាមួយនឹងគម្រោងនេះផងដែរ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុបចំ​នួ​ន​ ១៧១,៦៤១ដុល្លារ លើការសាងសង់​អគារមត្តេយ្យសិក្សានៅខេត្តបាត់ដំបង និងខេត្តកោះកុងផងដែរ​។

សូមបញ្ជាក់ថា ជំនួយឥតសំណងក្រោមគ្រោងការណ៍នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន បានផ្ដល់ថវិកាជាង ៦៥លានដុល្លារ អនុវត្តគម្រោងនេះចំនួន ៦៦៧ នៅទូទាំងប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)