Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបនៅសល់ ១១% នឹងត្រូវបញ្ចប់

ភ្នំពេញ៖ ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៨៩ភាគរយហើយ តាមការគ្រោងទុកការដ្ឋានសាងសង់នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។ បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិយាយថា ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាប ពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ៥។ លោក បានបន្តថា ស្ពានខ្សែកាបបេតុងថ្មីឆ្លងកាត់ទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ នឹងត្រូវចំណាយពេលប្រហែល ២៨ខែ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយថវិកាអស់ ៣៥លានដុល្លារ។

លោក បានបន្តថា គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបាឡេ មានប្រវែង ៩២២ម៉ែត្រ មានទទឹង ២០,៥ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា សម្រាប់ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ម៉ែត្រសងខាង។ កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង ៣.៧៥ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។

លោក បានបន្ថែមទៀតថា នៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានខ្សែកាបឫស្សីកែវនេះ ក៏មានការសាងសង់ស្ពានអាកាសថ្មីមួយផងដែរ ដែលមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧លានដុល្លារ និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ ១៥ខែ។

ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗ ចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនធ្វើចរាចរណ៍ជាប្រចាំ។ បើតាមការបញ្ជាក់របស់ លោក សាំ ពិសិដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun dyna)