Register Already an agent ? Login

កម្ពុជា ស្នើឱ្យមានការបើកជើងហោះហើរត្រង់ពី ជប៉ុនមកកម្ពុជាឡើងវិញ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង។

ការស្នើបែបនេះធ្វើក្នុងឱកាសដែល ឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលា លោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោកជិតដល់ពេលផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជានិងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

លោក ថោង ខុន បានស្នើទៅកាន់ ឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។ លោក បានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជាតាំងពីកំលុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង នាចុងឆ្នាំ២០១៩។

លោក រដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញនូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាមជាដើម ដូច្នេះចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ អគ្គរាជទូតជប៉ុន បានឯកភាពចំពោះ លោក ថោង ខុន ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែនឹងបន្តខិតខំដើម្បីពង្រីកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

គួរជម្រាបថា នារយៈពេល១០ខែ ឆ្នាំ២០២២ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជាប្រមាណជាង ៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។

លោក ថោង ខុន និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ មានក្ដីសង្ឃឹមថា កំណើនភ្ញៀវទេសចរដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត ពិសេសគឺនឹងមានការហោះហើរត្រង់ឡើងវិញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)