Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលប្លង់គោលរាជធានីភ្នំពេញឆ្នាំ២០៣៥ សម្រាប់ខណ្ឌដែលទើបបង្កើតថ្មី

ភ្នំពេញ៖ នៅរាជធានីភ្នំពេញបានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះយើងលើកយកតែប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ។ នេះបើតាមការថ្លែងរបស់ លោក ឃួង ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ការថ្លែងខាងលើរបស់ លោក ឃួង ស្រេង ខណៈដែល លោក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងបន្តថា ខណ្ឌមួយចំនួនយើងរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់។ ប្រមាណ ៨ឆ្នាំ ទៅ១០ឆ្នាំទៀត ប្លង់គោលរាជធានីត្រូវកែប្រែឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ជៀសឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥នេះ។

ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ ជាមួយនឹងការកែប្រែ ប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួលក្នុងការផ្តល់ ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានលឿន។ បើតាមការបញ្ជាក់របស់ អភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះ លោក ឃួង ស្រេង បានណែនាំថា សម្រាប់ភូមិបាលខណ្ឌត្រូវក្ដាប់ប្លង់មេឱ្យបានច្បាស់លាស់មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។

គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រនិងអភិវឌ្ឍរាជធានីភ្នំពេញ ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្តានុពលប្រគួតប្រជែង។

ក្នុងនោះដែរ ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)