Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានទឹកប្រាក់ជិត ៤ពាន់លានដុល្លារ កើនជាង ២១% ១០ខែ ឆ្នាំ២០២២

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជានិងថៃ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ មានទឹកប្រាក់​សរុប ៣,៩៥២.០៣លាន​ដុល្លារ​កើន​ឡើង ២១,៤% បើធៀបនឹងឆ្នាំ២០២២ មានទឹកប្រាក់ ៣,២៥៥.៤២លាន​ដុល្លារ។ ​បើតាមទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ មាន​ចំនួន ៦៩៨.០១លាន​ដុល្លារ កើន ៣៦% ​ពី ៥១៣.៣៣លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ថៃ​មក​កម្ពុជា​វិញ​មាន ៣,២៥៤,០២លាន​ដុល្លារ កើន ១៨,៧% ​ពី​ចំនួន ២ ៧៤២,០៨លានដុល្លារ។​ បើតាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្ថែមថា ការផ្លាស់ប្ដូរទំនិញនៅក្នុងខែតុលា ឆ្នាំ២០២២ មានទឹកប្រាក់ ៣២៥.០៤៥លានដុល្លារ ធ្លាក់ចុះ ១៩,៥៩% ​ពី​ចំនួន ៤០៤.២៦លាន​ដុល្លារ ធៀបនឹងឆ្នាំ២០២១ ដោយ​ការនាំ​ចេញពី​កម្ពុជា ចំនួន ៤២.៩៦លាន​ដុល្លារ កើន ១៥,៦% ​ពី​ចំនួន ៣៧,១៨លានដុល្លារ ​និង​ពី​ថៃ​មក​កម្ពុជា មាន ២៨២.០៨ លាន​ដុល្លារ ធ្លាក់ចុះ ២៣,២% ​ពី​ចំនួន ៣៦៧.០៨លានដុល្លារ។

​បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានលើកឡើងថា ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពី បាន​កើន​ឡើងជា​បន្តបន្ទាប់បាន​បង្ហាញ​ពី​កិច្ចសហ​ប្រតិបត្តិ​ការល្អ​រវាង​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ជិតខាង​ទាំងពីរ ដែល​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ច្រើន​ថែមទៀត​នាពេល​ខាងមុខ​។

ក្រៅពី​មាន​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​ជាមួយគ្នា​ប្រទេស​ទាំងពីរ ក៏​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ផងដែរ​។ ទំហំ​ទឹកប្រាក់​នៃ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​នឹង​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​នាពេល​ខាងមុខ។ បើតាមការលើកឡើងបន្តរបស់ លឹម ហេង។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជារូបនេះបានឱ្យដឹងថា បច្ចុប្បន្ន ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ជាច្រើន​ប្រភេទ​ដែលមាន​ដូចជា៖ គ្រឿង​សំណង់ អគ្គិសនី គ្រឿង​អេឡិចត្រូនិក ម៉ាស៊ីន យានយន្ត ប្រេងឥន្ធនៈ ជី​កសិកម្ម គ្រឿង​សម្អាង ផលិតផល​ចំណី​អាហារ​ភេសជ្ជៈ។ ចំណែក ​ផលិតផល​កម្ពុជា​នាំទៅ​ថៃ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

បើតាមភ្នំពេញប៉ុស្តិ៍ដដែល ក៏បានស្រងសំដី លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថា កម្ពុជា និង​ថៃ ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ទំនាក់ទំនង​នយោបាយ​ល្អ​ជាមួយគ្នា ដូច្នេះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពី បាន​កើន​ឡើងជា​បន្តបន្ទាប់​។

លោក បានគូសបញ្ជាក់ថា ទោះបី​យ៉ាងណា ដោយសារ​ថៃជា​ប្រទេស​ធំ មាន​កម្លាំង​ផលិតកម្ម​ខ្លាំង និង​មាន​ទំនិញ​ប្រហាក់ប្រហែល​កម្ពុជា ដូច្នេះ​ចំនួន​ទឹកប្រាក់​នាំ​ទំនិញ​ថៃ​មក​កម្ពុជា​ច្រើនជាង​កម្ពុជា​នាំចេញ​ទៅ​ថៃ គឺជា​រឿង​ដែល​ជៀស​មិន​ផុត​។

អតុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​នឹង​បន្ត​កើតមាន​ជា​យូរ​ទៀត ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​ខ្លះ​តាមរយៈ​ការខិតខំ​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ច្រើន និង​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្ដាក់ទុន​ក្នុងស្រុក​ឱ្យបាន​ច្រើន​។ បន្ថែម​លើ​នេះ ក៏ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឱ្យបាន​កាន់​តែច្រើន។ បើតាមការលើកឡើងបន្ថែមរបស់ លោក ហុង វណ្ណៈ។

គួររម្លឹកថា កាលពី​ឆ្នាំ២០២១ ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ មានតម្លៃ​សរុប ៤,០៨៣.៥៦លាន​ដុល្លារ កើន ៨,៦% ​ធៀប​នឹង​ ​ឆ្នាំ២០២០ ក្នុងនោះ​កម្ពុជា​នាំចេញ ៦២០.២១លានដុល្លារ ធ្លាក់ចុះ ៣០,៨% និង​ទំនិញ​នាំចូល​ពី​ថៃ​មាន ៣,៤៦៣.៣៤ លាន​ដុល្លារ កើន​ឡើង ២០,៩%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)