Register Already an agent ? Login

CDC បានអនុម័តគម្រោងសាងសង់សណ្ឋាគារផ្កាយ៥ តម្លៃជាង ១៦៤លានដុល្លារ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តតាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD។

គម្រោងដែលបានស្នើសុំរបស់ក្រុមហ៊ុន MARITIME CITY CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។

ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ៣ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមមាន៖

១-ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។

២-ក្រុមហ៊ុន JINLAI TEXTILES CO., LTD. គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។

៣-ក្រុមហ៊ុន XINJINCAI PLASTIC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង។

សូមរម្លឹកថា គម្រោង​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ របស់​ក្រុមហ៊ុន Huan Hai Bo Lai International Investment Co., Ltd ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារ។ សណ្ឋាគារនេះ មានចំនួន ៩៥៧បន្ទប់ ​ទីតាំងនៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​បង្កើត​ការងារ​បាន ៩៥៥កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)