Register Already an agent ? Login

គម្រោងសាងសង់លើកគុណភាពផ្លូវជាតិលេខ៧ប្រវែងជាង ៤៥គ.ម ពីស្គន់ដល់ក្រុងកំពង់ចាម ត្រៀមបើកការដ្ឋាននាពេលមុខនេះ

កំពង់ចាម៖ គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០គីឡូម៉ែត្រ គិតចាប់ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកាសរុបប្រមាណ ១១៤.៨៩ លានដុល្លារ ត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខ។ នេះបើតាមកិច្ចប្រជុំពិភាក្សា ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

បើតាមកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងរួមមាន៖

ទី១-ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរអាចសហការការងារបានរលូនប្រកបដោយប្រសិទ្ធភាព

ទី២-ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម

និង ទី៣-បែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំសណ្ដាប់ធ្នាប់ទីតាំងការដ្ឋាន និងត្រៀមផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧នេះ នាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយពេលសាងសង់ប្រមាណ ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)