Register Already an agent ? Login

ខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ចំនួន ៨៤ក្រុមហ៊ុន

ភ្នំពេញ៖ នៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុម ហ៊ុន គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។ បើតាមការលើកឡើងឱ្យដឹងពី លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។

នៅក្នុងជំនួបពិភាក្សាជាមួយ លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ​អភិបាលរង បានលើកឡើងបន្តថា ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោការណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង ៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់ លោក ឯម ភាព បានណែនាំឱ្យក្រុមហ៊ុនធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោក Martin Ladner បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានឱ្យក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេសទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោល ខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។  

លោក បានបន្តថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។

ក្រុមហ៊ុន បានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉កនៅលើប្រទេសចំនួន៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉កដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់ឱ្យដឹងពី លោក Martin Ladner។

សូមរម្លឹកថា កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី។

នា​ឱកាសនោះ តំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះគឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ កន្រ្តកខ្សែកាប(Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តរភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

លោក តូច ចាន់កុសល បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោក បានលើកឡើងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្រ្ជាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

លោក បានបន្ថែមថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)