Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន៦ មានទុនវិនិយោគសរុបប្រមាណ ២៥៥.៦លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៦ ដែលមានទុនសរុបប្រមាណ ២៥៥.៦លានដុល្លារ បានទទួលវិញ្ញបនបត្រចុះបញ្ជីវិនិយោគនៅកម្ពុជាជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមការជូនដំណឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុនទាំង៦ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរួមមាន៖

១-ក្រុមហ៊ុន HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។

២-ក្រុមហ៊ុន GREEN VISION RISING CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។

៣-ក្រុមហ៊ុន TELEMOBILE (CAMBODIA) CORPORATION (T.C.C) គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់ទែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

៤-ក្រុមហ៊ុន ZHUO KANG SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៤៩កន្លែង។

៥-ក្រុមហ៊ុន FANMAR AUTO PART (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។

៦-ក្រុមហ៊ុន YANLING ACCESSORIES (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)