Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា មានទឹកប្រាក់ប្រមាណ ៩៧៥លានដុល្លារ កើនជាង ១៨% ១០ខែឆ្នាំ២០២២

ភ្នំពេញរយៈពេល ១០ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងកាណាដា មានទឹកប្រាក់ប្រមាណ ៩៧៤.៨៣​​លាន​ដុល្លារ កើន​ឡើង​ ១៨,៥% ​​បើធៀបនឹងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ ៨២២,៣៩​លាន​ដុល្លារ។ បើ​យោង​តាមទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​កម្ពុជា ​នាំ​ទំនិញ​ទៅ​ប្រទេស​កាណាដា ក្នុង​ទឹក​ប្រាក់​សរុប ៩៤៥.៣១​លាន​ដុល្លារ កើន​ឡើង​ ១៩,៧% ​ពី​ចំនួន ៧៨៩.៩៨​លាន​ដុល្លារ និង​ការ​នាំទំនិញ​ពី​កាណាដា មក​កម្ពុជា មាន​ទឹក​ប្រាក់ ២៩.៥១លាន​ដុល្លារ ធ្លាក់ចុះ ៨,៩% ​ពី​ចំនួន ៣២.៤១​លាន​ដុល្លារ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមទិន្នន័យខាងលើបានបន្ថែមថា សម្រាប់​ខែ​តុលា ឆ្នាំ​២០២២ ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរ មាន​ទឹក​ប្រាក់ ៧៣.៩២​លាន​ដុល្លារ ធ្លាក់​ចុះ ១,៥៧% បើ​ធៀប​ខែ​តុលា ឆ្នាំ​២០២១ ដែល​មាន​ចំនួន ៧៥,១លាន​ដុល្លារ។

បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ផ្អែក​លើ​ទំនាក់​ទំនងល្អ​​រវាង​រដ្ឋាភិបាលនៃ​ប្រទេស​ទាំងពីរ ព្រម​ទាំង​ប្រភេទ​នៃ​ផលិត​ផល​កម្ពុជា​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ទីផ្សារ​​ប្រទេស​កាណាដា គឺ​ចំនួន​ទឹក​ប្រាក់​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ ត្រូវ​​​រំពឹង​ថានឹង​មាន​ភាព​វិជ្ជមាន​​កាន់​តែ​ខ្លាំង​នៅ​ពេល​អនាគត។

កាណាដា ​ជា​ប្រទេស​ដែល​តែង​​បញ្ជាទិញ​ផលិត​ផល​វាយនភណ្ឌ​​ពី​ប្រទេស​​កម្ពុជា​ច្រើន ដូច្នេះ​​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ល្អ​ប្រសើរ​ឡើង​វិញ ខ្ញុំ​គិត​ថា​នឹង​មាន​អ្នក​វិនិយោគ​​ពី​កាណាដា​ជា​ច្រើន​ចូល​មកបញ្ជាទិញ ឬ​​បើក​អាជីវកម្ម​នៅ​កម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបន្ថែមថា ក្រៅ​ពី​ផលិត​ផល​វាយនភណ្ឌ កម្ពុជា​ក៏​បាន​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​ទៀត​ទៅ​កាន់​ប្រទេស​កាណាដា ​រួមមាន៖ កង់ គ្រឿង​ដង្គុំ​អគ្គិសនី​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម។ ចំណែក​ទំនិញ​នាំ​ពី​កាណាដា មាន​ដូចជា៖ រថយន្ត គ្រឿងសំណង់ និង​គ្រឿង​បរិក្ខារ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​។

គួរបញ្ជាក់ថា ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​-​កាណាដា នៅឆ្នាំ​២០២១ មាន​ទឹកប្រាក់​សរុប ៩៩៤.៧២​លាន​ដុល្លារ​កើន​ឡើង ២៣,៣% ​បើ​ធៀប​នឹង​​ឆ្នាំ២០២០​។ ក្នុង​នោះ ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាណាដា មាន​ទឹកប្រាក់ ៩៥៤.៨៣ ​លាន​ដុល្លារ កើនឡើង ២៧,១% ហើយទំនិញ​ដែល​កាដាណា​នាំមក​កម្ពុជា​មាន​ទឹកប្រាក់ ៣៩.៨៩​លាន​ដុល្លារ ថយចុះ ២៨,២%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)