Register Already an agent ? Login

កម្ពុជា រំពឹងថាអាចទទួលភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ អន្តរជាតិប្រមាណ ៧លាននាក់ ឆ្នាំ២០២៧

ភ្នំពេញ៖ កម្ពុជារំពឹងថា អាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា។ បើតាមការថ្លែងរបស់ លោក ថោង ខុន បានបន្តថា ខណៈ រយៈពេល ១០ខែ ឆ្នាំ២០២២ យើងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ។

នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្តថា កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន តាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership)។

លោក បានបញ្ជាក់ថា ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវស្របតាមទស្សនទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

ឈរលើមូលដ្ឋានទាំងអស់នេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ អនុវិស័យអេកូទេសចរណ៍ គឺជាសសរស្ដម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ បើតាមការថ្លែងបន្ថែមរបស់ លោក ថោង ខុន។

នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍លើកទី៣ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមមានដូចខាងក្រោម៖

ទី១៖ ស្នើឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្ដែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ ទៅតាមជំនាញរៀងៗខ្លួន ពិសេសសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។

ទី២៖ ស្នើឱ្យ គ.ជ.អ.អ. រៀបចំឯកសារគតិយុត្តចាំបាច់នានា ដើម្បីទទួលស្គាល់តំបន់ទាំងនេះជាផ្លូវការឱ្យបានឆាប់, សិក្សាអំពី បរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ព្រមទាំងអភិវឌ្ឍ និងជំរុញការអភិវឌ្ឍដោយឈរលើទស្សនាទាន «ការអភិវឌ្ឍបម្រើការអភិរក្ស, ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ» សំដៅធានាការអភិវឌ្ឍប្រកបដោយចីរភាព ។

ទី៣៖ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាក្នុងសហគមន៍ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានា សូមស្នើឱ្យ គ.ជ.អ.អ. បន្តសិក្សារៀបចំបញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូលក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី៤៖ សូមអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ទី៥៖ សូមស្នើឱ្យ គ.ជ.អ.អ. សហការជាមួយដៃគូពាក់ព័ន្ធជំរុញការផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថល ដូចជា៖ ការបង្កើតកម្មវិធីទូរស័ព្ទ និង ថ្នាលបច្ចេកវិទ្យាឌីជីថលជាដើម សំដៅលើកកម្ពស់ការអនុវត្តយុទ្ធនាការ ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ទី៦៖ សូមគាំទ្រឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំនៅតាមតំបន់អេកូទេសចរណ៍អាទិភាព។

ទី៧៖ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីលទ្ធផលនៃវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នេះ ដោយគោរពស្នើសុំការសម្រេចលើដំណោះស្រាយ សម្រាប់បញ្ហាប្រឈមនានា ដែលសហគមន៍បាន និងកំពុងជួបប្រទះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)