Register Already an agent ? Login

កម្ពុជា-បង់ក្លាដែស បានព្រមព្រៀងគ្នាបង្កើតក្រុមការងារបច្ចេកទេសរួមសម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ភ្នពេញ៖ កំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បង់ក្លាដែស សម្រេចបាន៩ខែ ឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារ កើនឡើង ៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២១។ បើតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាជាមួយ លោក Sadhan Chandra Majumder​ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការជំរុញកំណើនពាណិជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងបន្ថែមទៀត។

លោក លោក ប៉ាន សូរស័ក្តិ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ រដ្ឋមន្រ្តីក្រសួងស្បៀងអាហារ​បង់ក្លាដែស និងគណៈប្រតិភូ ក្នុងឱកាសដែល លោក ​ Sadhan ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីពាណិជ្ជកម្ពុជា បានស្នើភាគីបង់ក្លាដែសបង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចក្ខុវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

បន្ថែមពីនេះទៀត រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ រួមមាន៖​

១-ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវការអនុវត្តដោយពេញលេញនិងមានប្រសិទ្ធភាព

២-ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

 ៣-ការពិនិត្យលទ្ធភាពបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស ជាដើម។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងស្បៀងអាហារបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ក្នុងនោះផងដែរ ភាគីបង់ក្លាដែស បានឯកភាពក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែសការបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាង កម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស។

នៅក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាថ្ងៃនេះ រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។

នៅកិច្ចបញ្ចប់ មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមរម្លឹកថា កាលពីទី១៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសប្រទេសបង់ក្លាដែស លោក អេខេ អាប់ឌុលម៉ូមិន បានជម្រាប សម្ដេចតេជោ ហ៊ុន សែន ថារដ្ឋាភិបាលប្រទេសបង់ក្លាដែសមានគោលបំណងចង់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្មដើម្បីរក្សាសន្ដិសុខស្បៀងនាគ្រាពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបថា ដើម្បីជំរុញដល់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រទេសបង់ក្លាដែសគួរលើកទឹកចិត្តអ្នកវិនិយោគបង់ក្លាដេសមកកម្ពុជាលើឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្ដុកទុក និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដែសតែម្ដង។

ដោយ៖ មឿន ឌីណា (Moeun Dyna)