Register Already an agent ? Login

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបាន៧២% ក្រសួងនឹងផ្អាកបណ្ដោះជាអាសន្ន

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បច្ចុប្បន្នសម្រេចការងារបាន ៧២%ហើយ។ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការវិវេចនាលទ្ធកម្ម(PRC) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការពន្យារពេលសាងសង់គម្រោងនេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំខាងលើក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រី ជំនាញផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងារពន្យារពេលសាងសង់ បម្រែបម្រួល ការងារក្នុងកិច្ចសន្យា ការពន្យារពេលកិច្ចសន្យា និងការបន្ថែមប្រាក់ឈ្នួលសម្រាប់សេវាត្រួតពិនិត្យបច្ចេក ទេសគម្រោង ព្រមទាំងការស្នើសុំពិនិត្យលើបម្រែបម្រួលតម្លៃសម្ភារៈសំណង់ និងអត្រាប្តូរប្រាក់របស់ ក្រុមហ៊ុនសាងសង់ផងដែរ។ 

គូសបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលក្នុងនោះរួមមាន៖ អគារច្រក ទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥  អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និង ទីលានកុងតឺន័រផងដែរ។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ក្នុងខេត្ដបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ​ស្ទឹងបត់-បានណងអៀន ថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួល​ដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ។

ក្នុងរយៈពេលដ៏ខ្លីខាងមុខ គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវ ជាតិលេខ៥ នឹងត្រូវដាក់ឱ្យដំណើរការនោះ ស្ថានភាពកកស្ទះចរាចរណ៍ដែលតែងតែរំខាន​ដល់ការនាំចេញ នាំចូលទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ ថែមទាំងផ្តល់កាលានុវត្តភាពថ្មីដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរទៀតផង។ បើតាមការថ្លែងបន្តរបស់សម្ដេចតេជោ។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា កម្ពុជា-ថៃ មិនអាចយកស្ពាននៅប៉ោយប៉ែត ឆ្លងលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះហើយទើបសម្រេច​ឱ្យ​មានការសាងសង់ស្ពានថ្មី នៅស្ទឹងបត់សម្រាប់ការដឹកទំ​និញ ហើយស្ពាននៅប៉ោយប៉ែតទុក​សម្រាប់​ចេញ-ចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិស្ទឹងបត់-បានណងអៀន និងការ​តភ្ជាប់ ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែក ចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំ សម្រាប់​ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រ​ទេ​ស​នៃមហាអនុតំបន់ទន្លេមេគង្គ។ បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ សង្ឃឹមថា វិនិយោគិនថៃ នឹងចូលរួមធ្វើការវិនិយោគក្នុងគម្រោងនៅតំបន់ស្ទឹង បត់ ធ្វើជាតំបន់ឡូជីស្ទីក (Logistic) តំបន់ពាណិជ្ជកម្ម តំបន់ឃ្លាំងឧស្សាហកម្ម តំបន់ពាណិជ្ជ កម្ម និងតំបន់ស្នាក់នៅ ដែលនឹងចូលរួមក្នុងការអភិវឌ្ឍតំបន់ស្ទឹងបត់ទាំងមូល បន្ទាប់ពី គម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់នេះ ដាក់ឱ្យដំណើរការ។

គម្រោងសាងសង់អគារច្រកព្រំដែននេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្ប​ទាន​​សម្បទានពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រា​ក់​ប្រមាណជាង ៩២៨លានបាត ស្មើ​នឹងប្រមាណ ២៦.៤២លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)