Register Already an agent ? Login

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ កើនជាង ២០% ១០ខែឆ្នាំ២០២២

ភ្នំពេញ៖ ចាប់ពី​ខែមករា​-​ខែតុលា ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម មាន​ចំនួន​សរុប ៥,០០១.៨៧​លាន​ដុល្លារ កើន​ ២០,៥% ​ពី​ចំនួន ៤,១៤៩.៦៣លាន​ដុល្លារ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់ ១,៦៦៤.៤៤លាន​ដុល្លារ កើន ២,៨% និង​ការនាំ​ចូល​ពី​វៀតណាម មាន ៣,៣៣៧.៤៣លាន​ដុល្លារ កើន ៣១,៩%​។ ​បើតាមរបាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​ទោះបី​ទឹក​​ប្រាក់​នាំ​ទំនិញ​ពី​វៀតណាម​មក​កម្ពុ​ជាមាន​ចំនួន​ច្រើនជាង​ការ​​នាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះទេ ព្រោះ​កម្ពុជា​ គឺជា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ដែល​ត្រូវការ​នាំចូល​វត្ថុធាតុដើម​ជាច្រើន​ដើម្បី​បម្រើឱ្យ​ការផលិត និង​កែច្នៃ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

គម្លាត​ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំងពី នឹងត្រូវ​កាត់បន្ថយ​ខ្លះមក​វិញ​នៅ​អំឡុង​ចុងឆ្នាំ ដែលជា​ពេល​កម្ពុជា​ប្រ​មូល​ផល​កសិកម្ម​ជាច្រើន​យកទៅលក់​នៅ​វៀតណាម​។​ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង បានបញ្ជាក់ថា កសិផលជា​ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំ​ចេញទៅ​លក់​នៅ​វៀតណាម ចំណែក​ផលិតផល​ដែល​វៀត​​ណា​ម​នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​ក​សិ​​កម្ម ជាដើម​។​

ការ​​កើន​ឡើងជា​បន្តបន្ទាប់​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ទាំង ២ គឺ​ដោយ​​សារ​តែ​ភាពល្អប្រសើរ​នៃ​ទំនាក់​​ទំនង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ក៏ដូចជា​ផ្នែក​ឯកជន​។ ទំហំ​ទឹកប្រាក់​នេះ​នឹង​បន្ត​កើន​​ឡើង​ខ្ពស់​ថែមទៀត ដោយសារ​កម្ពុជា និង​វៀតណាម ជាស​មា​​ជិ​ក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់​ (RCEP)​ ផងដែរ​។ បើតាម ការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់​ការ​​នាំចេញ​របស់​កម្ពុជា ដែលមាន​ចំនួន​តិចជាង​ការនាំ​ចូល​របស់​វៀតណាម គឺ​ដោយសារ​ប្រទេស​វៀតណាម​ មាន​កម្លាំងផលិតកម្ម​ច្រើនជាង​កម្ពុជា​។​ បើតាមការបញ្ជាក់ របស់ ហុង វណ្ណៈ បានបន្ថែមថា ទោះយ៉ាងណា​តាមរយៈ​អ្វីដែល​កម្ពុជា​កំពុង​ខិតខំ​ (​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​) លោក​រំពឹងថា គម្លាត​នេះ​នឹងត្រូវ​កាត់បន្ថយ​ជា​បណ្តើរៗ​។

សូមរម្លឹកថា ក្នុង​ឆ្នាំ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៥,១២៨​លាន​ដុល្លារ កើន ៣១,២% បើ​ធៀប​ឆ្នាំ២០២០ ក្នុងនោះ​កម្ពុជា​នាំទៅ​វៀតណាម ១,៩៨៥.០៨លាន​ដុល្លារ កើន ៥៨,៦% និង​វៀតណាម​នាំចូល​វិញ​មាន​ចំនួន ៣,១៤៣.៥៣​លាន​ដុល្លារ កើនឡើង ១៨,៤%​​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ដោយ៖ មឿន ឌីណា (Moeun Dyna)