Register Already an agent ? Login

ផ្លូវក្រុងព្រះសីហនុចំនួន ២៦ខ្សែ ក្នុងចំណោម ៣៧ខ្សែ អាជ្ញាបើកិច្ចប្រជុំជួសជុលឡើងវិញជាង ៦ពាន់ម៉ែត្រការ៉េ

ព្រះសីហនុ៖ ផ្លូវក្រុងព្រះសីហនុ ២៦ខ្សែ ក្នុងចំណោម ៣៧ខ្សែ ប្រវែង ៦,២០០ម៉ែត្រការ៉េ បានរងការខូចខាត ដែលត្រូវទាមទារឱ្យក្រុមការងារត្រូវធ្វើការជួសជុលឡើងវិញ ដើម្បីបរិស្ថាន សោភ័ណភាពក្រុង។ បើតាមកិច្ចប្រជុំដែលដឹកនាំ ដោយ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ កាលនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

គិតមកដល់ខែកញ្ញា ឆ្នាំ២០២២ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦,២០០ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ទីតាំង លើខ្សែផ្លូវចំនួន ២៦ខ្សែ។ បើតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ។

លោក អ៊ី សុខឡេង ក្រោយពីការបានស្តាប់របាយការណ៍លើកឡើងពីមន្ត្រីជំនាញរួមមក លោកបានធ្វើការណែនាំ និងឯកភាពការចុះអង្កេតអនុវត្តជាក់ស្តែង ដោយមានវត្តមានម្ចាស់ទីតាំងមួយចំនួនបានចូលរួមឯកភាពតាមការណែនាំរបស់ក្រុមការងារ ហើយម្ចាស់ទីតាំងមួយចំនួនព្យាយាមមិនទទួលខុសត្រូវ ប៉ុន្តែប្រសិនបើយោគយល់ហេតុផលរបស់ពួកគាត់ធ្វើឱ្យការងារការជួសជុលការ៉ូឡារបស់យើងមានការយឺតយ៉ាវ។

លោក បានណែនាំបន្តថា ដូច្នេះយើងត្រូវយកគោលការជាក់លាក់ នៅគ្រប់ម្ចាស់ទីតាំងដែលបានធ្វើឱ្យខូចខាតត្រូវទទួលខុសត្រូវនៅលើទីតាំងរបស់ខ្លួន ហើយម្ចាស់ទីតាំងនីមួយៗត្រូវធ្វើជាភ្នែកឱ្យរដ្ឋបាលខេត្ត ក្រុងក្នុងការរាយការណ៍មកក្រុមការងារ ឬអាជ្ញាធរមូលដ្ឋាន។

ទន្ទឹមនោះយើងត្រូវពន្លឿនការងារជួសជុលការ៉ូឡានៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងរបស់យើងកាន់តែល្អស្អាត។ បើតាមការបន្ថែមរបស់ អភិរងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមសហការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)