Register Already an agent ? Login

កម្ពុជា បានទទួលហិរញ្ញប្បទានសហប្រតិបត្តិការជាង ១ពាន់លានដុល្លារ ពីកូរ៉េខាងត្បូងជាង ២០ឆ្នាំកន្លងនេះ

ភ្នំពេញ៖ រយៈពេលជាង ២០ឆ្នាំ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ១,០៧៧លានដុល្លារ ដល់កម្ពុជា ដោយផ្ដោតលើ កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ បរិស្ថាន និងឌីជីថល។ បើតាមកិច្ចប្រជុំកម្រិតនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង KOICA ប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះ បានឱ្យដឹងថា ហិរញ្ញប្បទានដែលកម្ពុជាទទួលជាង ១ពាន់លានដុល្លារ ក្នុងនោះរួមមាន ហិរញ្ញប្បទានឥណសំណងប្រមាណ ៤៣១លានដុល្លារ(ហិរញ្ញប្រទាន KOICA ប្រមាណ ៣៣៦.៧លានដុល្លារ) និងឥណទានសម្បទានប្រមាណ ៦៤៦លានដុល្លារ។

ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការរបស់កម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្របទៅតាមផែនការអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២២។

គោលបំណងសំខាន់នៃកិច្ចសន្ទនាគោលនយោបាយនេះគឺ ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ KOICA នៅកម្ពុជា ដូចជាគម្រោងដែលកំពុងដំណើរការ គម្រោងថ្មីសម្រាប់ឆ្នាំ២០២៣ និង២០២៤ កម្មវិធីវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២២ និង ២០២៣ និងការពិភាក្សាអំពីការរៀបចំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់នូវរាល់សមិទ្ធិផលដែល KOICA សម្រេចបានសម្រាប់ប្រទេសកម្ពុជា។ លោក ក៏បានថ្លែងអំណរគុណចំពោះ KOICA និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើននៅកម្ពុជា។

លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា សម្ដែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានបញ្ជាក់ពីប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេស ការបន្តគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ។

គួរបញ្ជាក់ថា KOICA បាននឹងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើវិស័យស្នូលចំនួន៤ ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦.៧លានដុល្លារ ចាប់ពីឆ្នាំ១៩៩១-២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)