Register Already an agent ? Login

ពន្ធដារប្រមូលចំណូលបានជិត ៣ពាន់លានដុល្លារ កើនជាង៦០០លានដុល្លារ ១០ខែឆ្នាំ២០២២ ធៀបឆ្នាំ២០២១

ភ្នំពេញ៖ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១១៩៣១,១១ប៊ីលានដុល្លារ (ប្រមាណ ២៩៤៥,៩៥លានដុល្លារ) ស្មើនឹង ១០៤,៤៥% នៃច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២៥៣០,០៧ប៊ីលានរៀល (ប្រមាណ ៦២៤,៣១លានដុល្លារ) ស្មើនឹង ២៦,៩៤%។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្តថា បើប្រៀបធៀបចំណូលប្រចាំខែតុលា ឆ្នាំ២០២២ នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ កើនឡើងចំនួន ១៧៩,០០ប៊ីលានរៀល (៤៤,២០លានដុល្លារ) ស្មើនឹង ២១,២៤%។

តែបើប្រៀបធៀបចំណូលពន្ធរយៈពេល ១០ខែ ឆ្នាំ២០២២ នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ កើនឡើងចំនួន ២៥៣០.០៧ប៊ីលានរៀល (ប្រមាណ ៦២៤,៧១លានដុល្លារ) ស្មើនឹង ២៦,៩៤%។

តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន​ សែន បានអនុម័តទាំងស្រុងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅបានតម្រូវឱ្យអគ្គនាយកពន្ធដារប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ១៤ ៤៦៥,៣៩ប៊ីលានរៀល (ប្រមាណ ៣ ៥៧១,៧០លានដុល្លារ) កើនឡើង ២៦,៧០% ធៀបនឹងផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលឱ្យបាន ១១ ៤១៩,១៣ប៊ីលានរៀល (ប្រមាណ ២ ៨១៩,៥៥លានដុល្លារ)។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តថា បើទោះបីជាការកើនឡើងនៃផែនការប្រមូលចំណូលពន្ធប្រមាណ ៣ ០៤៦,២៦ប៊ីលានដុល្លារ (ប្រមាណ ៧៥២,១៦លានដុល្លារ) នេះជាការកើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្មរបស់អគ្គនាយករដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង តែនៅតែព្យាយាមអស់ពីលទ្ធភាព ក្នុងការបំពេញបេសកកម្មប្រមូលពន្ធនេះ។

ពាក់ព័ន្ធជាមួយនឹងលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលនេះ នៅក្នុងវេទិកាជំរុញវិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងប្រកបដោយមោទកភាពថា ឆ្នាំ២០២២ ជាឆ្នាំដែលយើងមានមោទកភាពខ្លាំងណាស់ជាមួយនឹងប្រាក់ចំណូលកើនឡើង តាមច្បាប់ថវិកាត្រឹមតែជាង ១០ខែប៉ុណ្ណោះយើងសម្រេចបានលើស ១០០%នៃផែនការរួចស្រេចទៅហើយ។

សម្ដេចតេជោ បានបន្តថា ឆ្នាំ២០២២ សង្ឃឹមថាប្រាក់ចំណូលផ្ទៃក្នុងរបស់យើងអាចសម្រេចបានជាង ១១៥% យ៉ាងតិចដូច្នេះ នេះជាចំណែកមួយដើម្បីទ្រទ្រង់ដល់ការចំណាយដែលយើងកំពុងត្រូវរ៉ាប់រងជីវភាពប្រជាជនរបស់យើង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)