Register Already an agent ? Login

គម្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីជម្រៅជិត ១៥ម៉ែត្រ មានតម្លៃ២០៣លានដុល្លារ នឹងលេចរូបរាងឡើងចុងឆ្នាំ២០២៥

ព្រះសីហនុ៖ គម្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋ ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។

គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មីនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា  និងការអភិវឌ្ឍធនធានមនុស្ស។

នាឱកាសនោះ លោក ទេសរដ្ឋមន្រ្តី បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លារ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តថា គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ ១៧ម៉ែត្រ ដែលមានសមត្ថភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាពេលកន្លងមកថា កំពង់ផែទឹកជ្រៅថ្មីនេះ ធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០,០០០តោន ឬស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

កន្លងមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រោយកំពង់ផែទឹកជ្រៅនេះ ដាក់ឱ្យដំណើរការ សេវាដឹកជញ្ជូនទំនិញនឹងចុះថ្លៃបាន ២០០ដុល្លារ ក្នុង១កុងតឺន័រ។ លើសពីនេះ កំពង់ផែជម្រៅទឹក ១៤,៥ម៉ែត្រនេះ គឺមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦ម៉ឺន DWT (៥០០០ TEUs) ចូល​ចត និង​អាច​អនុញ្ញាត​ឱ្យ​នាវាដឹក​កុងតឺន័រ​ឆ្លងកាត់​តំបន់​អាស៊ី​ ចំនួន៩៣ភាគរយ ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ។

លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ។

ខណៈប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ ដូចជាគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា។

កំពុងផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នអាចស្រូបយកនូវចំណែកទីផ្សារបានជាង ​៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា ដែលបានបម្រើនូវសេវាកម្មចំនួនបួនប្រភេទ។ ក្នុងនោះ មានកំពង់ផែជាទីកន្លែងប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ សម្រាប់ដឹកជញ្ជូន​ទំនិញរាយ សម្រាប់ដឹកជញ្ជូនកុងតឺនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)