Register Already an agent ? Login

ពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី មានទឹកប្រាក់សរុបជា ៤៣៨លានដុល្លារ កើនជាង ៨៣% ១០ខែឆ្នាំ២០២២

ភ្នំពេញ៖ ចាប់ពី​ខែមករា ដល់​ខែតុលា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ៤៣៨.៩៨លាន​ដុល្លារ កើនឡើង ៨៣,៣​%​ បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ​២០២១ ដែលមាន ២៣៩,៤៩​លាន​ដុល្លារ​។ សម្រាប់​ទំនិញ​កម្ពុជា​នាំទៅ​អូស្ត្រាលី មាន​ចំនួន ៣១២.១លាន​ដុល្លារ កើន​ ១០៦,៩​% ​និង​ការនាំ​ចូល​មាន ១២៦.៨៨លាន​ដុល្លារ កើន ៤៣,២​%។​ នេះបើតាមរបាយការណ៍របស់​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

នៅក្នុងរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ដោយឡែក​ក្នុង​ខែតុលា ឆ្នាំ​២០២២ ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំងពីរ មាន​ចំនួន ៣៤.៥១៦លាន​ដុល្លារ ធ្លាក់ចុះ ៨,១៦% ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុ​ជាមាន ២៨.៥៥លាន​ដុល្លារ ​ធ្លាក់ចុះ ១,២% និង​ការ​នាំចូល​ចំនួន ៥.៩៦៣​លាន​ដុល្លារ ធ្លាក់ចុះ ៣១,១៤ %​។​

ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អូស្ត្រាលី និង​ការចូល​ជាធរ​មាននៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​អូស្ត្រាលី និង​កម្ពុជា ជា​សមាជិកកាលពីដើមឆ្នាំ​២០២២ កំពុង​ជួយ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ កើន​ឡើងជា​បន្តបន្ទាប់​។​ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈអ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី នៅក្នុងឱកាសដែល លោក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងអំពីលទ្ធផលក្រោយជំនួបនៃថ្នាក់ដឹកនាំទាំងពីរថា  នៅក្នុងជំនួបនេះ លោក Anthony Albanese បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ បានយ៉ាងជោគជ័យនាពេលនេះ។

លោក អ៊ាង សុផល្លែត បានបន្តថា លោក Anthony Albanese បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្ដេចតេជោ និងអបអរសាទរកម្ពុជាទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងការដឹកនាំរបស់សម្ដេចតេជោដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ព្រមទាំងបានសំដែងនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងកម្ពុជាដែលកំពុងទទួលបានលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។

លោក Anthony Albanese បានគូសបញ្ជាក់ថា អូស្ត្រាលី និងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថលថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតងនិងវិស័យដ៏ទៃទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព។ បើតាមការបន្តទៀតរបស់ លោក អ៊ាង សុផល្លែត។

លោក អ៊ាង សុផល្លែត បានបន្ថែមថា ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ជាមួយទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលីដែលក្នុងនោះដូចជា កាលពីឆ្នាំ១៩៨៣ បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ជួយកម្ពុជាលើវិស័យកសិកម្ម ការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍន៍កម្ពុជាតាមរយៈការផ្ដល់ជំនួយផង និងការជំរុញវិនិយោគមកកម្ពុជាផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)