Register Already an agent ? Login

កម្ពុជា-វៀតណាម បានពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក បានលើកឡើងថា ក្នុងនោះរួមមានដូចជា ការលើកកម្ពស់គុណភាពផ្លូវកៅស៊ូពីរស្រទាប់ស្ដើង(DBST) ទៅជាបេតុងកៅស៊ូ(AC) ការអភិវឌ្ឍវិស័យកំពង់ផែ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក គម្រោងស្ថាបនាផ្លូវល្បឿនលឿន និងការដឹកជញ្ជូនតាមផ្លូវទឹក។

លោក Nguyen Van Thang បានបង្ហាញនូវការយល់ស្របចំពោះការលើកឡើងខាងលើរបស់ លោក ស៊ុន ចាន់ថុល និងបានគូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។

លោក បានលើកឡើងថា ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះស្រាប់ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម បាននិងកំពុងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ និងហូជីមិញ ក៏ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ឡុងថាញ់ ផងដែរ។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានបន្តពិភាក្សាទៅលើចំណុចសំខាន់ៗចំនួន៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន៖

១-ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពី ប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។

ភាគីទាំងពីររំពឹងថា តាមរយៈអនុស្សរណៈថ្មីនេះ ចំនួននៃយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ភាគីទាំងពីរក៏បានឯកភាព នឹងធ្វើការជូនដំណឹងអំពីខ្លឹមសារនៃអនុស្សរណៈនេះ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្តិករដឹកជញ្ជូនរបស់ប្រទេសទាំងពីរផងដែរ។

២-ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ កំពុងពិនិត្យពេលវេលាសមស្របមួយ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែនក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ៤គន្លង នៅចំណុចកកស្ទះខ្លាំង ព្រមទាំងសម្រួលដោះស្រាយបញ្ហានីតិវិធីនៃលំហូរឯកសារសម្រាប់យានយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

៣-ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។

ភាគីវៀតណាម ក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

៤-ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។

ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មានអំពីការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

៥-ការងារដឹកជញ្ជូនតាមផ្លូវទឹក ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម ពិនិត្យ និងសម្រួលលើបញ្ហានីតិវិធីនៃលំហូរឯកសារឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ នៅចំណុចច្រកទ្វារព្រំដែនក្អមសំណ(កម្ពុជា) ហើយជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមសម្រួលការងារនេះ ជាមួយអាជ្ញាធរគយរបស់ខ្លួន ឱ្យបានឆាប់បំផុត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)