Register Already an agent ? Login

រដ្ឋមន្ត្រីទេសចរណ៍ CLMV បន្តយុទ្ធសាស្ត្រប្រទេសបួនគោលដៅតែមួយ ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់

សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហៅកាត់ CLMV បានអនុម័តផែនការសកម្មភាពពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើយុទ្ធសាស្ត្រ «ប្រទេស៤ គោលដៅតែមួយ» ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់ឱ្យកាន់តែច្រើនជាងមុន។

ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា និងលោក Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

នាឱកាសនោះ កិច្ចប្រជុំបានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សារស្វាគមន៍ដ៏មានអត្ថន័យ។ រដ្ឋមន្រ្តីកោតសរសើរយ៉ាងផុសផុលនូវទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍នៃប្រទេស CLMV និងបានប្តេជ្ញាអនុវត្តអនុសាសន៍ណែនាំដែលបានបញ្ចូលក្នុងផែនការសកម្មភាពទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ដោយយោងទៅតាមផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៥ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយយោងតាមកិច្ចប្រជុំកំពូល CLMV លើកទី១០ ក្នុងឆ្នាំ២០២០។

កិច្ចប្រជុំបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកនៃការសម្រួលការធ្វើដំណើរកសាងសមត្ថភាព ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកត់សម្គាល់ដោយពេញចិត្តពីការងើបឡើងវិញនៃការទទួលទេសចរអន្តរជាតិ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ប្រទេស CLMV បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៩៣៣,៤៧៨នាក់។ ចំនួនទេសចរផ្ទៃក្នុងតំបន់មានចំនួន ៦០៤,៨៦៨នាក់ ស្មើនឹង ១៥.៧៧% នៃចំនួនភ្ញៀវទេសចរអន្តជាតិសរុប។

កិច្ចប្រជុំកោតសរសើរអាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ CLMV សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍ CLV-DTA សម្រាប់ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំកំពូល CLV លើកទី១១ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីឌីអូ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានអនុម័តផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើការជំរុញ «ប្រទេស៤ គោលដៅតែមួយ» ដោយគ្របដណ្ដប់លើ ១-ការសម្រួលការធ្វើដំណើរ ២-ការកសាងសមត្ថភាព ៣.ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ៤-កិច្ចសហប្រតិបត្តិការជាមួយភាគីទី៣ និង៥-ការធានានូវទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិកលើកទី៥។

សូមបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៧ នឹងប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)