Register Already an agent ? Login

សម្ដេចតេជោ ផ្ដល់នូវការគិតគូរ៤ចំណុច ដល់ ACMECS និងCLMV លើវិស័យទេសចរណ៍រួមគ្នា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែលរំលែកនូវការគិតគូរ ៤ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេម៉ិក (ACMECS) លើកទី៥ និងរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាបរួមមាន៖ គួរបង្កើតកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ, គួរជំរុញការផ្លាស់ប្តូរបទពិសោធន៍លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍, ត្រូវគិតគូរលើការបង្កើតការតភ្ជាប់ផ្លូវគោក អាកាស និងទឹកបន្ថែម, កម្ពុជាមានក្ដីរីករាយធ្វើជាម្ចាស់ផ្ទះ យន្តការស្ថាប័នទេសចរណ៍ អេម៉ិក និង CLMV។

នៅក្នុងសាលិខិតស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានលើកឡើងថា ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមកនេះ តួនាទីវិស័យទេសចរណ៍ត្រូវបានមើលឃើញថា កាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ សាមគ្គីភាពនៃប្រទេសក្នុងតំបន់។

ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍ អេម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត រាជរដ្ឋាភិបាលកម្ពុជា ចែករំលែកនូវការគិតគូរ ៤ចំណុចដូចតទៅ៖

១-អេម៉ិក និង CLMV គួរបង្កើតកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឱ្យគ្នាទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ សម្ដេច បញ្ជាក់ថា ប្រទេសជាសមាជិក គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍ជនបទរួមមាន៖

-ទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខមាលភាព,ទេសចរណ៍ម្ហូបអាហារជាដើម ទាំងនេះជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើនដល់មូលដ្ឋាន។ ទន្ទឹមនឹងនេះផងដែរ អេម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយគាំទ្រសហគ្រាសធនតូចបំផុត,តូច និង មធ្យម (MSMEs) ឱ្យក្លាយជាឆ្អឹងនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។

២-ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេម៉ិក និង CLMV គួរជំរុញការផ្លាស់ប្តូរបទពិសោធន៍លើដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកបទពិសោធន៍គ្នាទៅវិញទៅមកលើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ​ក្នុងការបង្កើតផលិតភាពនិងឧត្តមភាពប្រកួតប្រជែង។

៣-អេម៉ិក និង CLMV គួរគិតគូរជំរុញលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់អេម៉ិក (ACMECS-Intra Traveler) និងលំហូរទេសចរណ៍ផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយគិតគូរផងដែរលើការបង្កើតការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀត ព្រមទាំងជំរុញទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)។

ក្នុងចំណុចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់បើការទាក់ទាញទេសចរណ៍ពីប្រទេសទី៣ សូមគាំទ្រឱ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ «ប្រទេស៥ គោលដៅទេសចរណ៍តែមួយ» និងប្រទេស៤ »គោលដៅទេសចរណ៍តែមួយ»។

នៅក្នុងចំណុចទី៤នេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេម៉ិក និង CLMV ដែលបានដាក់ចុះ សូមគាំទ្រនូវការគិតគូរបង្កើតឱ្យមានស្ថាប័នទេសចរណ៍ អេម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្ដីរាយរាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)