Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ស្វាគមន៍ការបណ្ដាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ កម្ពុជា ស្វាគមន៍និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។ បើតាមប្រសាសន៍លោក ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស សក្ដិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស។ បើតាមការគូសបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឱកាសនោះ លោក  ស៊ុន ចាន់ថុល បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស្វយ័តភ្នំពេញ ការពង្រីកចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ការងារសាងសង់កំពង់ផែពហុបំណងខេត្តកំពត។

ជាមួយគ្នានោះ លោក ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តអំពី គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាជីកព្រែកតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសាងសង់រួចរាល់និងបានបញ្ចប់ការដាក់ឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខនេះ។

គូសបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ បានផ្តោតជាសំខាន់លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ វិស័យភស្តុភារកម្មនៅកម្ពុជា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលកំពុងមានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។

បើតាមជំនួបនោះ គណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយលោក Laurent OLMETA នាយកប្រតិបត្តិក្រុមហ៊ុន CMA CGM Asia Pacific Limited រួមជាមួយសហការី។

ក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CMA CGM Group ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួនឋិតនៅរាជធានីភ្នំពេញ និងមានសាខានៅកំពង់ផែក្រុងព្រះសីហនុផងដែរ។

ក្រុមហ៊ុន CMA CGM (Cambodia) Co.,Ltd ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោកប្រកបដោយគុណភាព និងភាពច្នៃប្រឌិត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)