Register Already an agent ? Login

វឌ្ឍនភាព គម្រោងធ្វើផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧ភាគរយ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងធ្វើផ្លូវក្រវាត់ទី៣ សម្រេចបាន ៧៧ភាគរយ ជាមួយគ្នានោះ ការសង់ស្ពានឆ្លងកាត់ផ្លូវជាតិសម្រេចបាន ៨៨ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បាននៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​កន្លង​មក​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ​២០២២ បន្តទៀតថា ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់​កំពង់ផែស្វយ័តត​ភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ និង​ផ្លូវ​របៀង​សំខាន់​ៗ ជារបៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ។

បើតាម លោក ស៊ុន ចាន់ថុល បានថ្លែងបន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។

លោក ទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា គម្រោងនេះ ​នឹង​ប្រែក្លាយ​ទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជ​ធានី​ភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយ​ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមបញ្ជាក់ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ បើកការដ្ឋានសាងសង់កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ​ត្រួត​ពិនិត្យ​គម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

គម្រោងផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង ២៦៧លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)