Register Already an agent ? Login

លោក គួច ចំរើន ណែនាំប្រធានសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង កែច្នៃតំបន់នេះទាក់ភ្ញៀវទេសចរបន្ថែមទៀត

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល បាលខេត្តព្រះសីហនុ បានណែនាំប្រធានសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ត្រូវខិតខំយកចិត្តទុកដាក់កែច្នៃតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៍ទាក់ទាញ ព្រោះទីតាំងនេះសម្បូរទៅដោយព្រៃកោងកាង មានរុក្ខជាតិចម្រុះ និងជីវៈចម្រុះជាច្រើនប្រភេទតាមបែបធម្មជាតិ។

លោក គួច ចំរើន និង លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញចុះពិនិត្យមើលសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង បានគូសបញ្ជាក់ថា ត្រូវចេះកែច្នៃតំបន់ព្រៃកោងកាងជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងទេសចរបរទេស ទន្ទឹមនឹងការចូលរួមការពារថែរក្សា អភិរក្ស យើងត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមានភាពស្រស់ស្អាត និងកាន់តែមានភាពទាក់ទាញ។

តំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង (សហគមន៍​ គ្មានផ្លាស្ទីក) នៅពេលខាងមុខប្រែមុខមាត់ថ្មី អាចជួយបង្កើនការងារជូនប្រជាពលរដ្ឋរស់នៅតំបន់កោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ បើតាមការបញ្ជាក់បន្តរសប់ អភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន បានមានប្រសាសន៍ថា ទន្ទឹមនោះយើងត្រូវរួមគ្នាចូលរួមថែរក្សាអនាម័យ បរិស្ថាន ពិសេសរួមគ្នាអភិរក្សព្រៃកោងកាងប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវទេសចរ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាកោះ មិនភ្លេចសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងរបស់យើងកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

គូសបញ្ជាក់ថា តំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ដែលមានផ្ទៃដីទំហំជាង ២០ហិកតា ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

តំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង កំពុងត្រូវបានធ្វើការអភិវឌ្ឍទាក់ទាញជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលតំបន់កោះរ៉ុង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តតំបន់កោះនេះ មិនភ្លេចសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង កំពុងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយផាសុកភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានបរិស្ថាន អនាម័យ ខ្យល់បរិសុទ្ធល្អថែមទៀតផង។

សូមបញ្ជាក់ថា លោក គួច ចំរើន និង លោក វង្ស ផាណាត មានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មុនចុះទៅពិនិត្យតំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង គឺបានពិនិត្យមើលផ្លូវបេតុង និងការដាំបង្គោលភ្លើងនៅលើក្រុងកោះរ៉ុង។

តាមរបាយការណ៍របស់ប្រធានអគ្គិសនីខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ត្រីអគ្គិសនីកំពុងធ្វើការដាំបង្គោលភ្លើងនៅអមសងខាងផ្លូវនៅតំបន់កោះចំនួនជាង ៣០០ដើម ហើយបង្គោលភ្លើងទាំងនេះយើងកំពុងតែមមាញឹកក្នុងការដាំ ដើម្បីអូសខ្សែភ្លើងជូនប្រជាពលរដ្ឋប្រើប្រាស់នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ខាងមុខ។

នាឱកាសនោះ លោក គួច ចំរើន បានធ្វើការណែនាំជំរុញឱ្យអគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ពន្លឿនការដាំបង្គោលភ្លើង និងអូសខ្សែភ្លើងភ្ជាប់ពីភូមិមួយទៅភូមិមួយ ព្រោះភ្លើងនេះ គឺជាខ្សែភ្លើងបណ្តាញរបស់ថ្នាក់ជាតិ អូសក្រោមបាតសមុទ្រមកពីតារាសាគរ ខេត្តកោះកុង មកកាន់តំបន់កោះនៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាបណ្តាញរបស់ជាតិ ដូច្នេះប្រជាពលរដ្ឋនៅតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់នាពេលឆាប់ៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាងមុខ។

ទន្ទឹមនោះ លោក អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងកោះរ៉ុង ជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យការដាំបង្គោលភ្លើងនេះប្រព្រឹត្តទៅដោយរលូន និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដី ឬលំនៅឋាននៅ អមសងខាងផ្លូវសូមចូលរួមសហការ ដើម្បីឱ្យការងារដាំបង្គោលភ្លើង និងការអូសខ្សែភ្លើងរបស់អគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយជោគជ័យ ហើយប្រជាពលរដ្ឋតំបន់កោះនឹងមានភ្លើងរដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅដីគោក និងជួយសម្រួលតម្លៃភ្លើងកាន់តែថោកជាងមុន កាត់បន្ថយការចំណាយលើអគ្គិសនីនាពេលខាងមុខជាក់ជាមិនខាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)