Register Already an agent ? Login

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបិទបញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ប្រធានក្រុមចរចាកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបិទបញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២។ បើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានជួបពិភាក្សាទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា។

ក្នុងជំនួបនេះ ប្រធានក្រុមចរចាកម្ពុជា បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានទទួលរៀបចំការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CAM-UAE CEPA) និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូកម្ពុជា ដែលជាក្រុមការងារចរចា។

CAM-UAE CEPA នឹងចូលរួមពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើនបរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ។ បើតាមការគូសបញ្ជាក់ភាគីកម្ពុជា បានបន្តថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងតាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។

ទន្ទឹមនោះ ប្រធានក្រុមចរចាទាំងពីរ ក៏បានគូសបញ្ជាក់ពីលទ្ធផលវិជ្ជមានគួរជាទីសោមនស្ស នៃការចរចាជុំទី១ នៃ CAM-UAE CEPA ដោយក្នុងនោះ ប្រធានក្រុមចរចាអេមីរ៉ាតអារ៉ាប់រួម បានកោតសរសើរពីភាពហ្មត់ចត់នៃក្រុមការងារភាគីទាំងពីរ ដែលញ៉ាំងឱ្យដំណើរការចរចាទាំងមូល ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់ ប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះ ប្រធានក្រុមចរចាទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

នៅក្នុងងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីទីថ្ងៃ២៤ ខែតុលា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគអារ៉ាប់រួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលអាជីវកម្មរបស់កម្ពុជាឱ្យបានពេញលេញ។

ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេងទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ទៅសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់។

ថ្លែងក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-អារ៉ាប់រួមឡើង ដើម្បីស្វែងយល់បន្ថែមអំពីឱកាសធ្វើអាជីវកម្ម និងការវិនិយោគ ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

អារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមានចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ បើតាមថ្លែងរបស់ លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

លោក បានថ្លែងបន្តថា ចំពោះការវិនិយោគរបស់កម្ពុជាទៅកាន់អារ៉ាប់រួម មានចំនួនសរុបជិត ១លានដុល្លារ នៅចុងឆ្នាំ២០២០ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ ហើយការវិនិយោគរបស់អារ៉ាប់រួមនៅកម្ពុជាវិញ មានចំនួនសរុបប្រមាណ ២.៧លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ស្ថិតក្នុងវិស័យអចលនទ្រព្យ ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)