Register Already an agent ? Login

គម្រោងបើកការដ្ឋានសាងសង់កែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នឹងចាប់ផ្ដើមឆាប់ៗនេះ

កំពត៖ គម្រោងកែលម្អផ្លូវជាតិលេខ៣៣ ខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងចាបើផ្ដើមក្នុងពេលឆាប់ៗនេះ។ បើតាមការបញ្ជាក់របស់ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU)។

តាមការបញ្ជាក់របស់ លោក ប៉ាល់ ចន្ទតារា នាពេលបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ។

លោក ប៉ាល់ ចន្ទតារា បានថ្លែងបន្តថា ក្រុមការងារបច្ចេកទេសបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។

នាឱកាសនោះ លោក រដ្ឋលេខាធិការ បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២.៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។

កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)