Register Already an agent ? Login

កម្ពុជា ទទួលជំនួយពីអាល្លឺម៉ង់ ១៦លានអឺរ៉ូ ដើម្បីកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន ១៦លានអឺរ៉ូ (ប្រមាណ ១៥,៥លានដុល្លារ) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣ (The Health Equity and Quality Improvement Programme III or H-EQIP III)។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី និងលោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ីនៃធនាគារអភិវឌ្ឍន៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងនេះ។

ការអនុវត្តគម្រោង H-EQIP IIIនេះ ក្នុងគោលបំណងចម្បងសំខាន់ៗ៣រួមមាន៖ ១-ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និង ជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខភាព (Health Equity Fund), ២-គម្រោងក៏ជួយអន្តរាគមន៍យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ, ៣-រួមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកែលម្អសមភាពយេនឌ័រ និងបរិយាប័នសង្គម។

​លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ជំនួយឥតសំណងនេះ បានជួយលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០។

គម្រោងនេះ ក៏ជួយដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងផែនការគ្របដណ្តប់សុខភាពជាសកល ផងដែរ។ បើតាមការបញ្ជាក់របស់ លោក អូន ព័ន្ធមុនីរ័ត្ន។

លោកស្រី Martina Koch បានថ្លែងថា រយៈពេល១ទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តាមរយៈ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧០លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គមនានា ដល់កម្ពុជា។

លោក ស្រី បានថ្លែងបន្តថា ក្នុងនោះរួមមាន៖ ​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោង H-EQIP ដែលត្រូវបានចុះកិច្ចព្រមព្រៀង​នៅថ្ងៃទី១៧តុលា ឆ្នាំ២០២២។

គម្រោងខាងលើបានជួយពង្រឹងសេវាកម្មសុខាភិបាល (ពិសេសសេវាអាហាររូបត្ថម្ភ) ពង្រីកការផ្តល់ហិរញ្ញវត្ថុ ផ្តល់សមធម៌សុខាភិបាល ដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជា បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ផងដែរ។ បើតាមការគូសបញ្ជាក់របស់ លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី។

គូសបញ្ជាក់ថា​ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ប្រមាណ៨៣៨ លានដុល្លារ ដល់កម្ពុជា។ ក្នុងនោះ ហិរញ្ញប្បទានឥតសំណង មានចំនួន ៧៦៨លានដុល្លារ និងឥណទានសម្បទានចំនួន ៧០លានដុល្លារ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)