Register Already an agent ? Login

ខេត្តចំនួន៧ បានទាក់ទាញភ្ញៀវទេចរជាង ៨សែននាក់ ក្នុងដំណើរកម្សាន្តនាចុងសប្ដាហ៍ទី២ខែតុលានេះ

ភ្នំពេញ៖ ខេត្តដែលជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវច្រើនជាងគេរួមមាន៖ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត បានទទួលទេសចរប្រមាណ ៨៥៦,៨៥៧នាក់ ក្នុងចំណោមភ្ញៀវសរុប ៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៤,៣៨៥នាក់ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

តួលេខខាងលើ មានការកើនឡើងប្រមាណ ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។

បើតាមរបាយការណ៍បានឱ្យដឹងថា *ខេត្តកំពង់ចាម ៤០១,៩២៩នាក់ *ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់ *ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់ *ខេត្តព្រៃវែង ៦៨,៥២៥នាក់ *ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់ *ខេត្តសៀមរាប ២៧,៨២២នាក់ *ខេត្តកំពត ២៣,២៤៦នាក់។

បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)