Register Already an agent ? Login

ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពជាង ៦,៥ពាន់លានដុល្លារ ប្រមាណ ២៧% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ យោងតាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​ កម្ពុជាបានឱ្យដឹងថា ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​សរុប​មាន​ទឹកប្រាក់​ជាង​ ៤១ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការនាំចេញ​សរុប​មាន​ទឹកប្រាក់​ជាង ១៧ពាន់​លាន​ដុល្លារ ​កើនឡើង​ជាង ២២% ខណៈ​ទឹកប្រាក់​ការនាំ​ចូល​សរុប​មាន​ជាង ២៣,៧​ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ជាង ៦,៥​ពាន់​លាន​ដុល្លារ​។

កម្ពុជា ​ទទួលរង​នូវ​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ប្រមាណ ២៧% ឬ​គិត​ជា​ប្រាក់​ប្រមាណ ៦,៥ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល៩​ខែ ​ឆ្នាំ២២០២២ ​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​អះអាង​ថា ឱនភាព​ពាណិជ្ជកម្ម​នេះ​មិនបាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ដល់​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ឬ​ជំរុញ​ឱ្យ​មាន​កំណើន​គំហុក​នៃ​អតិផរណា​នោះទេ តែ​វា​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ល្អប្រសើរ ​បន្ទាប់ពី​ភាព​ធូរស្រាល​នៃ​ការ​​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ ដែល​ជំរុញ​ឱ្យ​មាន​ការកើនឡើង​នៃ​តម្រូវការ​ក្នុងស្រុក​។

លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា ការ​កើនឡើង​ការ​នាំចូល​នេះ​ឆ្លុះបញ្ចាំង​ពី​សម្ទុះ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយសារ​តែ​ការកើនឡើង​នេះ គេ​អាច​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ដែល​ប្រទេស​កម្ពុជា​យើង​ជួបប្រទះ​នឹង​វិបត្តិ​សុខភាព​។

លោក គី សេរីវឌ្ឍន៍ បានលើកឡើងបន្តថា នៅពេល​វិបត្តិ​សុខភាព​បាន​ធូរស្រាល គឺ​វា​ទាមទារ​ឱ្យ​យើង​ធ្វើការ​នាំចូល​ច្រើន​ ដោយសារ​តែ​យើង​មិនអាច​ផលិត​គ្រប់​តម្រូវការ​បាន​ភ្លាមៗ​ទេ ណា​មួយ​ការនាំ​ចូល​នេះ​ក៏មាន​វត្ថុ​ធាតុដើម​ទៅ​បំពេញ​ក្នុង​វិស័យ​ផលិតកម្ម​ផងដែរ​។ លោក បានបន្តទៀត​ថា ​ការកើនឡើង​ការនាំ​ចូល​នេះ គឺ​វា​មិន​ចោទ​ជា​បញ្ហា​ដល់​សេដ្ឋកិច្ច​របស់​យើង​ទេ ដោយសារ​តែ​យើង​ឃើញថា ការនាំចេញ​របស់​យើង​ក៏មាន​កំណើន​ច្រើន​ដែរ។

បើ​យើង​បង្កើនឬ​រក្សា​ការនាំចេញ​ក្នុង​រង្វង់​ចាប់ពី​ ២០% ខណៈ​ការ​នាំចូល​កើន​ក្នុង​រង្វង់​ជាង ១០% គឺ​បង្ហាញ​ថា ដំណើរការ​សេដ្ឋកិច្ច​របស់​យើង​ល្អ ដូច្នេះ​ប្រហែល ១០​ឆ្នាំ​ទៅមុខយើង​នឹង​ឃើញ​ជញ្ជីង​ទូទាត់​យើង​មាន​ភាពវិជ្ជមាន​វិញ​។ បើតាមការលើកឡើងបន្ថែមរបស់ លោក គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ដូច្នេះ​នៅក្នុង​ករណីនេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ជំរុញ​វិស័យ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​ឱ្យមាន​ខ្លាំង​ទប់​ជាមួយ​ការនាំ​ចូល ធ្វើ​ដូច្នេះ​គឺ​យើង​អាច​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។

សូមរម្លឹកថា កាលពី​ចុងខែ​កញ្ញា កន្លងទៅនេះ ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ពិតប្រាកដ​របស់​កម្ពុជា នឹង​កើនឡើង​ដល់ ៤,៨​% នៅ​ឆ្នាំ២០២២ ​ដែល​គាំទ្រ​ដោយ​ការកើនឡើង​នៃ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ និង​ឧស្សាហកម្ម​ផលិត​កង់ ក៏ដូចជា​កសិកម្ម ដែល​បន្ត​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)