Register Already an agent ? Login

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ២៥លានដុល្លារ កើនជាង ២១% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មិនទាន់​បានធ្វើ​សវនកម្ម​ដែល​បាន​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា ប្រាក់ចំណូល​សរុប​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ដែលជា​ចំណូល​ពី​ប្រតិបត្តិការ​ផែ​មាន​តម្លៃ​ជាង ២៥លាន​ដុល្លារ កើនឡើង ២៦​%​។ ​ចំណូល​ពី​អាជ្ញាធរ​ផែ​មានតម្លៃ​ជាង ៣,១៩លាន​ដុល្លារ កើនឡើង​​ ២០%​ ចំណូល​ពី​សេវាកម្ម​ផ្សេងៗ​មាន​តម្លៃ​ ២១២,២៨៧ដុល្លារ ធ្លាក់ចុះ ១៣% ចំណូល​ផ្សេងៗ​មាន​តម្លៃ​ជិត ១,៩លាន​ដុល្លារ ​ធ្លាក់ចុះ ១៣%​។

កំពង់ផែស្វយ័តភ្នំពេញ គ្រោង​នឹង​ពង្រីក​ចំនួន​ចំណត​ផែ​រណប​ក្រោម​ការត្រួតពិនិត្យ​របស់​ខ្លួន​ចំនួន៧ ដើម្បី​ធានាបាន​នូវ​ភាព​ងាយស្រួល​កាន់តែ​ច្រើន​សម្រាប់​អតិថិជន និង​កាត់បន្ថយ​ការចំណាយ និង​សន្សំ​ពេលវេលា​។

បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ កំពង់ផែស្វយ័តភ្នំពេញ ក្នុង​រយៈពេល ៩​ខែ​ដំបូង បរិមាណ​ដឹកជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ​តាមរយៈ​កំពង់ផែ​មាន​ជាង​ ៣​លាន​តោន កើនឡើង ៥,២៣%​។ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន​ចំនួន​ ២,៧៤៣ជើង កើនឡើង​ ៥៧,២៨​%​។

ជាមួយគ្នានោះ នាវា​ទេសចរណ៍​មាន​ចំនួន​ ១៦ ជើង​កើនឡើង​ ១៦% ​បរិមាណ​កុងតឺន័រ​មាន​ចំនួន​ ៣២៩,០៤៣ TEUs ​កើនឡើង​ ២៨,៣៣%​ និង​បរិមាណ​អ្នកដំណើរ​មាន​ចំនួន ៨៦៨នាក់ កើនឡើង​ ៨៦៨%​៕

លោកស្រី​ គឹម សុផានីតា​ នាយិកា​ CSX ទទួល​បន្ទុក​ប្រតិបត្តិការ​ទីផ្សា​ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ជំងឺ​កូវីដ​-១៩ ​របស់​រដ្ឋាភិបាល ជា​កាតាលីករក្នុងការ​ជំរុញ​ឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​។

លោក​ ហ៊ឺ បាវី ​អគ្គនាយក​ កំពង់ផែស្វយ័តភ្នំពេញ ធ្លាប់​បានលើកឡើងថា អត្រា​ការចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​កម្រិត​ខ្ពស់​នៅក្នុង​តំបន់ និង​កន្លែង​ផ្សេង​ទៀត​បាន​អភិវឌ្ឍន៍​ក្នុង​កម្រិត​ប្រកបដោយ​អត្ថន័យ​នៃ​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ផលប៉ះពាល់​ជំងឺ​កូវីដ​-១៩ និង​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ទូលំទូលាយ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)