Register Already an agent ? Login

លោក គួច ចំរើន ស្នើចិនពន្លឿនហិរញ្ញប្បទានលើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ៣

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើលោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ៣ ពីវាលរេញទៅត្រពាំងរពៅ ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរឱ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​ដឹក​ទំនិញ​បាន​ល្អ​ប្រសើរ។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល ​លោក គួច ចំរើន បាន​អនុញ្ញាតឱ្យ លោក Wang Zhiquan ចូល​ជួប​សម្ដែង​ការ​គួរសម កាលពី​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០២២។

ជាមួយការស្នើខាងលើ លោក គួច ចំរើន ក៏បានភ្ជាប់សំណើមួយទៀត សូមឱ្យលោក Wang Zhiquan ជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរណ៍ចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ ក្នុងនោះដែរ បន្តកិច្ចសហប្រតិបត្តិការល្អ។

នៅក្នុងជំនួបនោះ លោក គួច ចំរើន បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អ។ ផ្តើមចេញពីគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ របស់លោក ស៊ី ជិនពីន ប្រធានាធិបតីចិន និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើនផ្លែផ្កាពីផ្នែកឯកជនផងដែរ។

លោក អភិបាលខេត្តព្រះសីហនុ បានលើកឡើងបន្តថា រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគ និងទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ វិនិយោគលើ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលបានដាក់ឱ្យដំណើរការសាកល្បងមានកម្លាំង ៧០០មេហ្គាវ៉ាត់។ ម្យ៉ាងទៀត ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។

នាឱកាសនោះ លោក Wang Zhiquan ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោក គួច ចំរើន នេះជាលើកទី១ ដែលរូបលោកនិងសហការីបានជួបសំណេះសំណាលជាផ្លូវការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកាន់តែជិតស្និត និងរលូនហើយប្រទេសយើងទាំងពីរជាមិត្តដែកថែប។

លោក គូសបញ្ជាក់ថា ខេត្តព្រះសីហនុដើរតួនាទីនៃកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា ហើយការដាក់ឱ្យសាកល្បងផ្លូវល្បឿនលឿននេះជួយជំរុញអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យទេសចរណ៍ និងដឹកជញ្ជូន ហើយក៏ជាចំណុចចាប់ផ្តើមបន្តកំណើនទៅមុខទៀត។

លោក Wang Zhiquan បានលើកឡើងថា ក្រោមការដឹកនាំរបស់ លោក គួច ចំរើន និងនាំឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ហើយសហគ្រាសចិនដែលកំពុងវិនិយោគនៅខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ហើយការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នេះជាការផ្លាស់ប្តូររបស់ខេត្តព្រះសីហនុ។

លោក ក៏បានបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលការងារនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សូមរម្លឹកថា គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ៣ កំពត​-​វាលរេញ ប្រវែង ២០គីឡូម៉ែត្រ លោក ស៊ុន ចាន់ថុល ធ្លាប់​បាន​បញ្ជាក់​ថា មាន​កំណាត់​ផ្លូវ​ប្រវែង ១៥គីឡូម៉ែត្រ ខូច​ដោយសារតែ​ស្ថានភាព​កសាង​គ្រឹះ​មិនបាន​រឹងមាំ ខណៈ​ប្រវែង ៥គីឡូម៉ែត្រ ភ្ជាប់​ទៅ​ផ្លូវ​បំបែក​វាលរេញ ស្ថានភាព​ដី​ខាងក្រោម ស្អុយ​ជម្រៅ​ដល់​ទៅ ១៨ម៉ែត្រ ដែល​ជា​ដើមចម​ចម្បង​មួយ​នាំ​ឱ្យ​ផ្លូវ​សាងសង់​ហើយ​តែងតែ​ខូច​ទៅវិញ។

កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ២០២១ ក្នុង​ជំនួប​សន្ទនា និង​អាហារ​ការងារ​ពេលព្រឹក​ជាមួយ លោក ហោ ណាំហុង សហប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-​ចិន និង លោក ប្រាក់ សុខុន លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ថ្លែង​បញ្ជាក់​ថា ប្រទេស​ចិននឹង​បញ្ជូន​អ្នក​បច្ចេកទេស​ជំនាញមក​សិក្សា ផ្លូវជាតិ​លេខ៣ ត្រង់​ចំណុច​ពី​វាលរេញ​ទៅ​ត្រពាំងរពៅ។

ដោយ៖ មឿន ឌីណា (Moeun Dyna)