Register Already an agent ? Login

កម្ពុជា បាននាំចេញផលិតផលកាត់ដេរទទួលចំណូល ១០,២៥៧លានដុល្លារ ៩ខែឆ្នាំ២០២២ កើនជាង២ពាន់លានដុល្លារ

ភ្នំពេញ៖ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០,២៥៧​លានដុល្លារ កើនឡើងប្រមាណ ២,០១៥​លានដុល្លារ ដែលស្មើនឹង ២៤.៥%​ រួមមានសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។ តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល មានតម្លៃជាង ៥ពាន់លានដុល្លារ កើនឡើង ២១.១%, ​សម្លៀកបំពាក់ ​មិនធ្វើឡើងពីការចាក់ដោយម្ជុលមានតម្លៃជាង ២ពាន់លានដុល្លារ កើនឡើង ២៨.៤% និងស្បែកជើង មានតម្លៃជាង ១៣០០លានដុល្លារ កើនឡើង ៣២.៧%។

ការកើនឡើង​ការនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ គឺដោយសារការបញ្ជាទិញផលិតផលកាលពី​ចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ បើតាមការលើងឡើងរបស់ លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានបន្តថា ប៉ុន្តែ ៦ខែចុងក្រោយនេះ សម្រាប់ការបញ្ជាទិញផលិតផលស្បែកជើង បានធ្លាក់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យរោងចក្រមួយចំនួន កាត់បន្ថយផលិតកម្ម ហើយរោងចក្រខ្លះបានកាត់បន្ថយបុគ្គលិកផងដែរ។

លោក បានគូសបញ្ជាក់ថា ផលប៉ះដែលវិស័យកាត់ដេរជួបប្រទះនាពេលនេះ គឺបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនៅបន្តអូសបន្លាយ និងធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃ ជាហេតុនាំឱ្យរោងចក្រមួយចំនួន ត្រូវបាត់បង់ចំណូល។

កម្ពុជា កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសកាណាដា។ នៅឆ្នាំ២០២១ កម្ពុជាស្ថិតនៅលំដាប់ទី៤ ក្នុងការនាំចូលសម្លៀកបំពាក់ទៅកាណាដា ខណៈដែលបង់ក្លាដែសឈរនៅលំដាប់ទី២ និងវៀតណាមស្ថិតនៅលំដាប់ទី៣ នាំមុខក្នុងបរិមាណតិចតួចប៉ុណ្ណោះ។

បើតាមគេហទំព័រទីផ្សាររបស់ Fibre2Fashion TexPro កាណាដាបាននាំចូលសម្លៀកបំពាក់មានតម្លៃ ៩,៥៩៩ពាន់លានដុល្លារកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា​បាន​នាំចេញ​សម្លៀក​បំពាក់​ដែល​មាន​តម្លៃ ១,០៤៧ពាន់​លាន​ដុល្លារ ​ស្មើ​នឹង ១០,៩១% ​នៃ​ការនាំចូលសម្លៀកបំពាក់​សរុបរបស់កាណាដា ខណៈដែលបង់ក្លាដែសផ្គត់ផ្គង់ ១៣,៣៨% មានតម្លៃ ១,២៨៤ពាន់លានដុល្លារ និងវៀតណាម ១២,៤៩% ស្មើនឹង១,១៩៩​ពាន់លានដុល្លារ។

បើតាមការចុះផ្សាយរបស់ Tex 2Fashion Pro ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកាណាដាបានកើនឡើង ២២,៦១ ភាគរយ ក្នុងរយៈពេល៨ខែឆ្នាំនេះ។ ក្នុងនោះការនាំចេញសម្លៀកបំពាក់បានកើនឡើង ២០,០៦ ភាគរយ បើធៀបឆ្នាំ ២០២១ មានត្រឹម ១,០៤៧ពាន់លានដុល្លារ។

បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២​។ ទំហំនេះ បានកើនឡើងខ្ពស់ក្នុងអត្រា ២០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៧៤៧លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)