Register Already an agent ? Login

កម្ពុជា នាំចេញផលិតផលមិនមែនកាត់ដេរ ទទួលចំណូលបានជាង ៤ពាន់លានដុល្លារ កើនជិត២៤% ៩ខែឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជា នាំចេញផលិតផលមិនមែនកាត់ដេរ ទទួលចំណូលបាន ៤,១៨៧.៥លានដុល្លារ កើនឡើងប្រមាណ ៨០៨.២លានដុល្លារ ស្មើនឹង ២៣.៩% រយៈពេល៩ខែ ឆ្នាំ២០២២។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ផលិតផលវិនិយោគមិនមែនកាត់ដេរ មានដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក ដង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត។

កត្តាដែលកម្ពុជានាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរ ៩ខែឆ្នាំ២០២២ មានការកើនឡើង ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងការគ្រប់គ្រងកូវីដដោយជោគជ័យ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលធ្វើឱ្យគ្រប់វិស័យ ដំណើរការឡើងវិញ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក បានលើកឡើងបន្តថា កំឡុងកូវីដ-១៩ រោងចក្រសហគ្រាស និងខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជា នៅតែដំណើរការល្អប្រសើរ ធ្វើឱ្យការបញ្ជាទិញទីផ្សារខាងក្រៅទៅប្រទេសផ្សេងៗ ដែលប៉ះពាល់ដោយសារកូវីដ-១៩ និងដោយសារអស្ថេរភាពនយោបាយផងនោះ ធ្វើឱ្យការបញ្ជាទិញមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដែលធ្វើឱ្យមានការនាំចេញទៅកាន់សហគមន៍អឺរ៉ុប ក៏ដូចជាអាមេរិក ដែលយើងនៅមានភាពអនុគ្រោះពន្ធ EBA ក៏ដូចជា GSP របស់អាមេរិក ដែលធ្វើឱ្យមានការកើនឡើង នាំចេញបរិក្ខារទាំងអស់នេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានបន្ថែមថា លទ្ធផលដែលនាំចេញ មានការកើនឡើងនេះ គឺជារឿងមួយល្អសម្រាប់វិស័យឯកជន ប៉ុន្តែក៏មានការព្រួយបារម្ភ នៅពេលដែលមានវិបត្តិកើតឡើងដោយសារសង្គ្រាម ហើយកំពុងតែដាក់ទណ្ឌកម្មលើគ្នាធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចជាសកល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)